ការសិក្សាអះអាងថាកូវីដ១៩អាចធ្វើឱ្យបុរសគ្មានកូនដោយការបំផ្លាញកោសិកាពងស្វាសដែលផលិតទឹកកាម

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ជំងឺកូវីដ១៩អាចបណ្តាលឱ្យបុរសគ្មានកូន ទោះបីជាពួកគេឈឺស្រាលក៏ដោយ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធ ទី៧ តុលា។

យោងតាមការសិក្សាមួយបានឱ្យដឹងថា ចំនួនមេជីវិតឈ្មោលបានថយចុះពាក់កណ្តាល នៅ ៣០ ថ្ងៃបន្ទាប់ពីពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺកូវីដ១៩។

ហើយអ្នកស្រាវជ្រាវនៅក្នុងប្រទេសអ៊ីស្រាអែល កន្លែងដែលការសិក្សាត្រូវបានធ្វើឡើងនោះ ក៏បានអះអាងដែរថា ការធ្វើបំលាស់ទីរបស់មេជីវិតឈ្មោលឬសមត្ថភាពក្នុងការធ្វើបំលាស់ទីដោយខ្លួនវាក៏ត្រូវបានរារាំងដែរ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រទទូចថា ការពិតអំពីថាតើកូវីដ១៩ធ្វើឱ្យខូចខាតដល់ការមានកូនជាអចិន្ត្រៃយ៍ឬអត់គឺនៅមិនទាន់ដឹងច្បាស់ទេ ហើយថា សូម្បីតែជំងឺផ្តាសាយក៏បណ្តាលឱ្យចំនួនមេជីវិតឈ្មោលធ្លាក់ចុះជាបណ្តោះអាសន្នដែរ។

ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិជីវសាស្រ្តនិងភាពមិនអាចមានកូនបាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jerusalem Post ដែលបានរាយការណ៍ថាការប្រែប្រួលបរិមាណមេជីវិតក៏ត្រូវបានមើលឃើញចំពោះបុរសដែលមានរោគសញ្ញាកូវីដស្រាលផងដែរ។

ប៉ុន្តែទិនានុប្បវត្តិនេះមិនទាន់បានចេញផ្សាយជាសាធារណៈនៅឡើយទេ ដូច្នេះមានន័យថាអ្នកវិទ្យាសាស្ត្រកំពូលៗមកពីជុំវិញពិភពលោកមិនទាន់អាចចង្អុលបង្ហាញពីគុណវិបត្តិជាក់ស្តែងនៅក្នុងវិធីសាស្ត្ររបស់ការសិក្សានេះនៅឡើយទេ៕

adverise with khmeread