បុរសពិការដៃពីកំណើត ក្លាយជាស្តេចស្នូកឃ័រមួយរូបនៅប៉ាគីស្ថាន

លោក Muhammad Ikram ដែលកើតមកគ្មានដៃ បានឡើងមកតាបស្នូកឃើ តម្រង់គោលដៅ ហើយវាយគ្រាប់ក្រហមចូលរន្ធដោយប្រើចង្ការបស់គាត់បុក។

កីឡានេះប្រហែលមិនមែនជាចំណង់ចំណូលចិត្តរបស់ Ikram អាយុ ៣២ ឆ្នាំដើម្បីតាមចាប់យកវានោះទេ ប៉ុន្តែកីឡាករប៉ាគីស្ថានរូបនេះបានចំណាយពេលជាច្រើនឆ្នាំហាត់ជំនាញបុកស្នូកឃ័រដោយប្រើចង្កា ហើយឥឡូវនេះអាចបុកស៊ីលុយជាមួយជើងខ្លាំងនៅក្នុងស្រុកបាន។

ក្នុងអំឡុងដំណើរទៅកាន់សាលស្នូកឃ័រនៅទីក្រុង Samundri ក្នុងខេត្ត Punjab  ភាគខាងកើតរបស់ប្រទេសប៉ាគីស្ថានកាលពីពេលថ្មីៗនេះ លោក Ikram បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "វាជាការងារលំបាក ដែលតម្រូវឱ្យខិតខំប្រឹងប្រែង។ ប្រសិនបើមានកីឡាករពិការដូចខ្ញុំ ខ្ញុំត្រៀមរួចរាល់ដើម្បីប្រឈមជាមួយគាត់"។ 

កើតក្នុងគ្រួសារក្រីក្រ គាត់និងបងប្អូន ៨ នាក់ទៀតរបស់គាត់មិនបានទៅសាលារៀនទេហើយគាត់បានចំណាយពេលភាគច្រើននៃកុមារភាពរបស់គាត់នៅឯកោ។

នៅវ័យជំទង់ គាត់ចាប់ផ្តើមមើលកីឡាករនៅសាលកីឡាស្នូកឃ័រក្នុងស្រុក ហើយត្រូវបានបំផុសគំនិតឱ្យចាប់ផ្តើមហាត់ "ដោយសម្ងាត់"។

លោក Ikram បាននិយាយថា "កាលពីដំបូង ខ្ញុំព្យាយាមរុញគ្រាប់ស្នូកឃ័រដោយខ្លួនឯងនៅលើតាបទទេស្អាត។ សន្សឹមៗបន្តិចម្តង ខ្ញុំបានជំរុញជំនាញរបស់ខ្ញុំបានប្រសើរឡើងហើយចាប់ផ្តើមលេងជាមួយអ្នកដទៃ"។

ឥឡូវនេះ Ikram អាចប្រកួតប្រជែងជាមួយកីឡាករឆ្នើមៗនៅក្នុងទីក្រុង។

គាត់បានបង្ហាញពីជំនាញបុកយ៉ាងសម្បូរបែប ដោយប្រើចង្ការបស់គាត់បុកគ្រាប់ក្រហមចូលរន្ធអស់រលីង បន្ទាប់មកបុកគ្រាប់ពណ៌ផ្សេងៗទៀតបញ្ចូលរន្ធតាមក្រោយ នាំឱ្យកីឡាករផ្សេងទៀតទះដៃសាទរយ៉ាងកងរំពង។

ដោយមានការព្រួយបារម្ភថាគាត់អាចធ្វើឱ្យរបួសខ្លួនឯង ឪពុកម្តាយរបស់ Ikram ដំបូងបានរារាំងគាត់ពីស្នូកឃ័រអស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែកាលពីឆ្នាំ២០១៩ ពួកគេបានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅរកកីឡានេះវិញ។

ជំនាញរបស់គាត់បានធ្វើឱ្យគាត់ក្លាយជាមនុស្សល្បីតែមួយប៉ព្រិចភ្នែកក្នុងចំណោមកីឡាករស្នូកឃ័រល្បីៗរបស់ប្រទេសនៅលើអ៊ីនធឺណេត។

លោក Ikram បាននិយាយថា "ខ្ញុំក្លាយជាមនុស្សល្បីល្បាញ" ប៉ុន្តែគាត់បានសារភាពថាមិនដឹងទេថាអ្វីទៅជា "បណ្តាញសង្គម"។

កីឡាគ្រីឃីតគឺជាកីឡាមានប្រជាប្រិយបំផុតរបស់ប្រទេសប៉ាគីស្ថានប៉ុន្តែកីឡាស្នូកឃ័រក៏មានកន្លែងសំខាន់មួយនៅក្នុងវិស័យកីឡារបស់ប្រទេសនេះដែរ។

លោក Muhammad Nadeem ដែលជាម្ចាស់សាលកីឡាស្នូកឃ័រនៅទីក្រុង Samundri បានពិពណ៌នាអំពី Ikram ថាជា "កីឡាករពិតៗ"។

លោក Nadeem បាននិយាយថា "យើងមិនគិតលុយពីគាត់សម្រាប់ការប្រកួតនោះទេ។ ផ្ទុយទៅវិញ មនុស្សនាំគ្នាឱ្យលុយគាត់ដើម្បីលេងជាមួយពួកគេ។ គាត់គ្មានដៃគូប្រកួតទេ។ នៅក្នុងកីឡាគ្រីឃីតនិងបាល់ទាត់មានកីឡាករពិការ ប៉ុន្តែនៅពេលនិយាយដល់កីឡាស្នូកឃ័រ គាត់គឺជាកីឡាករពិការដៃតែម្នាក់គត់"៕ ប្រភព ៖ Bangkok Post

adverise with khmeread