បុរសម្នាក់ត្រូវខ្លាត្រីដេញក្នុងព្រៃអស់៦នាទីទាំងព្រលឹងចុងសក់ ហើយមានគន្លឹះ៨ដើម្បីការពារខ្លួនពេលជួបរឿងបែបនេះ

អ្នករត់ហាត់ប្រាណតាមព្រៃមួយរូបក្នុងរដ្ឋយូតារបស់អាមេរិក ទទួលបាននូវអ្វីដែលលើសពីក្តីរំពឹងរបស់គាត់ ពេលដែលគាត់រត់ទៅជួបមេខ្លាត្រីនិងកូនរបស់វានៅតាមផ្លូវ។

លោក Kyle Burgess បានចាប់ផ្តើមថតនូវអ្វីដែលគាត់គិតថាជាឆ្មាព្រៃពូជ Bobcat ប៉ុន្តែចុងបញ្ចប់គឺត្រូវបានប្រដេញដោយមេខ្លាត្រីមួយក្បាលអស់រយៈពេលប្រាំមួយនាទី។ នេះបើយោងតាមសម្តីរបស់គាត់ប្រាប់ទៅវេបសាយ Deseret News។

នៅក្នុងវីដេអូបង្ហាញពីសកម្មភាពរបស់លោក Burgess កំពុងដើរសម្តៅទៅរកកូនសត្វព្រៃមួយក្បាលនៅតាមផ្លូវ Slate Canyon នៅជិតទីក្រុង Provo ហើយបន្ទាប់មកមេរបស់វាបានស្ទុះចេញមកភ្លាមៗ។ លោក Burgess បន្ទាប់មកព្យាយាមស្រែកដេញឱ្យវាចេញឆ្ងាយ ហើយចាប់ផ្តើមដើរថយក្រោយយឺតៗ និងបន្តស្រែកដេញវារហូត ដោយសង្ឃឹមថាអាចបន្លាចវាបាន។

បន្ទាប់មកមេខ្លាត្រីនេះបានដេញតាមលោក Burgess អស់រយៈពេល ៦នាទី ខណៈដែលគាត់បានស្រែកដាក់វាមិនឈប់។

នៅក្នុងវីដេអូរយៈពេលប្រាំមួយនាទីនេះ លោក Burgess មិនបានបែរខ្នងដាក់វានោះឡើយ ខណៈដែលខ្លាត្រីនេះបានបន្តដើរហក់កញ្ជ្រោល និងក្រហឹមដាក់គាត់។​ ទីបំផុត គាត់បានគប់ដុំថ្មដាក់វា ហើយខ្លាត្រីក៏រត់ចេញ ដោយធ្វើឱ្យគាត់ធូរស្បើយយ៉ាងខ្លាំង។

លោក Burgess បានប្រាប់ CNN ថា គាត់មិនដែលចង់រត់ទេ ព្រោះគាត់ចង់បន្តសម្លក់ភ្នែកមិនដាក់ទល់នឹងខ្លាត្រីនេះ។

គាត់បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា ប្រសិនបើខ្ញុំប្រញាប់ធ្វើអ្វីភ្លាមៗ វានឹងមានអារម្មណ៍ថា ខ្ញុំកំពុងវាយប្រហារកូនវា ហើយវានឹងបញ្ចប់ទៅនៅក្នុងផ្លូវខុសគ្នាទាំងស្រុង"។ 

ក្រុមអភិរក្សសត្វព្រៃរដ្ឋយូតាបានបង្ហោះវីដេអូនៅលើទំព័រ Facebook របស់ខ្លួនដោយមានការព្រមានថា "រដ្ឋយូតាជាតំបន់របស់ខ្លាត្រី!"។

ផុសមួយនេះបានផ្តល់នូវយោបល់ដូចតទៅ ប្រសិនបើអ្នកអាចជួបប្រទះរឿងនេះដោយខ្លួនអ្នកផ្ទាល់។

១. ឈប់។ កុំរត់ចេញពីខ្លាត្រី ហើយកុំទៅជិតវា។

២. រក្សាក្រសែភ្នែកសម្លឹងជាមួយនឹងសត្វព្រៃមួយនេះ

៣. ឈរដោយស្វាហាប់

៤. កុំបន្ទន់ខ្លួន ឬអង្គុយចុះ

៥. ធ្វើឱ្យអ្នកមើលទៅធំជាងខ្លួនឯងដោយលើកដៃឡើងលើ និងគ្រវីដៃរបស់អ្នក ឬអាវនៅពីលើក្បាលរបស់អ្នក

៦. និយាយដោយរឹងមាំក្នុងសំឡេងខ្លាំងៗ ដើរថយក្រោយយឺតៗ និងចាកចេញពីតំបន់គ្រោះថ្នាក់

៧. បីក្មេង ឬសត្វចិញ្ចឹម ឬរក្សាពួកគេឱ្យនៅជិតអ្នកបំផុត

៨. តដៃជាមួយវាប្រសិនបើវាវាយប្រហារអ្នក! ការពារក្បាល និងក

ខ្លាត្រីគឺជាប្រភេទសត្វដែលត្រូវបានការពារនៅរដ្ឋយូតា។ ជាធម្មតាធម្មជាតិរបស់វាគឺមានការខ្មាស់អៀន៕ ប្រភព ៖ CNN

 


 

adverise with khmeread