1

ល្បែង​ចាប់កូនខ្លែង​

    ​ល្បែង​ចាប់កូនខ្លែង ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលាយប់​ខែភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅពេល​ទំនេរ​។

​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​៖

​    ​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែលមាន​មាឌ​មាំ​ធំ ឲ្យ​ធ្វើជា​មេហ្វូង​ហៅថា​មេមាន់​, ចាត់​ច្រើន​នាក់​ឲ្យ​ធ្វើជា​កូន​មាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យ​ធ្វើជា​ខ្លែង ចាំ​ចាប់កូនមាន់​។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូត​សំលៀក​។ គេ​នាំគ្នា​បង្កាត់ភ្លើង​ឲ្យ​បានជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែលជា​មេមាន់​បញ្ជា​ឲ្យ​កូន​របស់ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធ​ជុំ​ភ្នក់ភ្លើង​។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអកឡកឡឺយ​ឲ្យ​ន័យ​ទៅ​ខ្លែង​ថា​៖

    - ចាប់កូនខ្លែង​ប្រឡែង​កូន​អក    ពពេច​ញ៉ែ​ញ៉​ក    កូន​អញ​តែមួយ​។  

    ​- ជីក​អ​ន្លុ​កដាំ​ត្រកួន    ទន្សាយ​រត់​ពួន    ត្រកួន​ឡើង​លាស់​។​

    ​- ទៀន ១ គូ​តាំងយូ​បាំង​ព្រះ    លើកដៃ​សំពះ    ដូនៗ​សុំ​ភ្លើង​។​

​    ​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មេមាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរចូល​ទៅរក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា "​ដូនៗ​សុំ​ភ្លើង​!"​។  

​    ​មាន់​ឆ្លើយថា​: រលត់  
​    ​ខ្លែង​សុំ​ថា​: សុំ​មួយ​អង្គត់  
​    ​មេ​(១) រលាយ  
​    ​ខ​- សុំ​ទឹកបាយ  
​    ​ម​- ឆ្កែ​លិទ្ធ  
​    ​ខ​- សុំ​កាំបិត
​    ​ម​- មិនទាន់​ច្រុង  
​    ​ខ​- សុំ​ល្ហុង
​    ​ម​- មិនទាន់​ដាំ  
​    ​ខ​- សុំ​ថ្នាំ  
​    ​ម​- មិនទាន់​ហាល
​    ​ខ​- សុំ​ផាល  
​    ​ម​- មិនទាន់​សិត

​    ​ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ​។  

​    ​ចំណែក​មេមាន់​ក៏​នាំ​កូន​របស់ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង​(២) ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា​៖  

​    ​ចាប់កូនខ្លែង​ប្រឡែង​កូ​មាន់ ​(​បន្ទរ​)​ អាឡយៗ  
​    ​បើ​មេ​ទៅ​ទាន់​យក​មាន់​ទៅ​លាក់​ (​បន្ទរ​)​ អាឡយៗ  
​    ​លាក់ទុក​ឯណា លាក់​ក្បាល​ដំណេក ​(​បន្ទរ​)​ អាឡយៗ  
​    ​រលឹក​ពី​ដេក​ពី​ដេក វាយ​មាន់​តូងតាង​។  

​    ​មាន់​ច្រៀង​ចប់​ក៏​ឈប់ឈរ​តម្រៀប​គ្នា​។  
​    ​ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​បន្តទៀតថា "​ដូនៗ សុំ​ភ្លើង​"​។  

​    ​មាន់​ឆ្លើយថា "​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់ទៅហើយ​" រួច​ក៏​ដើរ​ព័ទ្ធជុំវិញ​ខ្លែង​និង​ភ្នក់ភ្លើង ហើយ​ច្រៀង​ត​ទៀតថា​៖  

​    ​ប្អូន​ដេញ​ខ្សែ​សូត្រ បង្ហូត​ខ្សែ​គោម​ (​បន្ទរ​)​ អាឡយៗ  
​    ​ខ្លែង​អើយ​កុំ​លោម មិនបាន​មាន់​ទេ ​(​បន្ទរ​) អាឡយៗ ហើយ​ឈរ​ស្ងៀម​។  

​    ​ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន​ថា​៖

​    ​ខ​- ដូនៗ​ឲ្យ​សុំ​កូន​មុខ  
​    ​ម​- ឪពុក​មិន​ឲ្យ  
​    ​ខ​- សុំ​កូន​ក្រោយ  
​    ​ម​- កំបាក់​កំបែក​យក​ចុះ  

​    ​ខ្លែង​កាល​បានឮ​មេមាន់​ថា ឲ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញចាប់​បេះយក​កូន​ណា​ដែល​នៅក្រោយ​គេ​,​ឯ​មេមាន់​ខំប្រឹង​ការពារ កូន​របស់ខ្លួន​កុំ​ឲ្យ​គេ​បេះយក​បាន​, ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្វាច​ខ្វែង​ចាប់​បេះយក​ខ្លួន​ម្នាក់ៗ​បាន​។ ជួន​ក៏​ខ្លែង​បេះយក​កូន​ម្ដង ១ ម្ដង ២ ទាល់តែ​អស់ ជួន​ក៏​បេះ​បានតែ ១ ។ តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​ខ្ទេច​ចេញពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះគេ​ក្រាប​ទៅនឹង​ដី នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ​។ កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់សម្រាក​បន្តិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត គេ​លេង​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​។

​    ​ប៉ុន្តែ​ល្បែង​បែប​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាមរបៀប​លេង​ថា "​ល្បែង​ខ្លែង​ចាប់កូនមាន់​" ក៏មាន​។

​    ​ល្បែង​នេះ ជាការ​បង្ហាត់​មនុស្ស​ឲ្យ​ចេះ​ប្រុង​ស្នៀត ប្រុងស្មារតី ឲ្យ​រហ័សរហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង​៕​

ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់