ស្ត្រីម្នាក់ខំជួយពស់ថ្លាន់ចេញពីក្រោមឡាន ត្រូវវារឹតខ្លួនបម្រុងលេបនាងទាំងមូល

អ្នកស្រឡាញ់សត្វពស់ដ៏ក្លាហានមួយរូប ដែលបានព្យាយាមជួយសង្គ្រោះពស់ថ្លាន់មួយក្បាលពីក្រោមឡានរបស់នាង ត្រូវបានបង្ខំចិត្តតេហៅក្រុមសង្គ្រោះបន្ទាន់ ពេលដែលសត្វល្មូនមួយក្បាលនេះបានរឹតជើងរបស់នាងបម្រុងលេបនាងទាំងមូល។

ប៉ូលិសក្នុងរដ្ឋឃ្វីនឡែន ប្រទេសអូស្រ្តាលី ត្រូវតេហៅទៅកាន់ផ្ទះមួយកន្លែងក្នុងតំបន់ Samford Valley ទីក្រុង Brisbane បន្ទាប់ពីស្រ្តីរងគ្រោះបានជួបបញ្ហាធ្ងន់ធ្ងរជាមួយនឹងពស់ថ្លាន់ប្រវែងជិតបីម៉ែត្រមួយក្បាលនេះ។

ស្រ្តីរូបនេះបានកំពុងធ្វើកិច្ចការមួយចំនួននៅក្នុងហ្គារ៉ាស់ក្នុងផ្ទះរបស់នាងនៅម៉ោង ៧យប់ កាលពីថ្ងៃទី៦ ខែតុលា ពេលដែលនាងសម្គាល់ឃើញឆ្មារបស់នាងបង្ហាញអាការៈភ័យខ្លាច ដែលពស់នៅក្រោមឡាន។

ស្រ្តីដែលបញ្ជាក់ដោយខ្លួនឯងថានាងជាអ្នកស្រឡាញ់ពស់រូបនេះបានព្យាយាមសង្គ្រោះវាពីគ្រោះថ្នាក់ណាមួយ ប៉ុន្តែពស់មួយក្បាលនេះភ្លាមៗត្បកក្បាលមកវាយប្រហារទៅលើនាង។ ស្រ្តីរូបនេះបានព្យាយាមយកវាចេញដោយខ្លួនឯងរហូតអស់សមត្ថភាព ទើបចុងបញ្ចប់នាងបានទាក់ទងទៅប៉ូលិស។ 

នៅក្នុងវីដេអូនារីដ៏ក្លាហាននេះបាននិយាយពាក្យសុំទោសម្តងហើយម្តងទៀតទៅប៉ូលិស ដោយថានាងពិតជារំខានដល់ពួកគេ ដែលនាងមិនអាចដោះស្រាយរឿងនេះដោយខ្លួនឯងបាន។ នៅក្នុងនោះ នារីរូបនេះបានបញ្ជាក់ថា ពស់ថ្លាន់មួយក្បាលនេះគឺជាពស់ថ្លាន់ព្រៃ មិនមែនជាពស់ចិញ្ចឹមរបស់នាងឡើយ ដែលវាធ្វើឱ្យប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ចុងបញ្ចប់នារីរូបនេះបានយកពស់ថ្លាន់មួយក្បាលនេះព្រលែងចូលទៅក្នុងព្រៃ មុននិយាយអរគុណទៅមន្រ្តីប៉ូលិស។ 

ពស់ថ្លាន់ Carpet អាចធំធាត់អស់ប្រវែង ៣,៦ម៉ែត្រ ដែលវាជាពស់ធំបំផុតនៅក្នុងរដ្ឋឃ្វីនឡែន។ 

ខណៈដែលវាមិនមានពិស វានៅតែអាចបង្កគ្រោះថ្នាក់ដល់មនុស្សដោយកម្លាំង និងចង្កូមដ៏ធំរបស់វា៕

adverise with khmeread