ឪពុកផ្តាំកូនជោគជ័យ៣នាក់ឱ្យដាក់លុយសុទ្ធម្នាក់ ១០០០ ដុល្លារក្នុងមឈូសរបស់គាត់ពេលគាត់ស្លាប់ទៅ, ថ្ងៃនោះមកដល់កូនទីបីធ្វើរឿងមិននឹកស្មានដល់

សំណើច ៖ ឪពុកនិយាយទៅកូនប្រុសទាំងបីនៅពេលគាត់បញ្ជូនពួកគេទៅសាកលវិទ្យាល័យ។ 

ឪពុកបានផ្តាំផ្ញើយ៉ាងដូច្នេះ "ពុកយល់ថាវាជាកាតព្វកិច្ចរបស់ពុក ដែលត្រូវផ្តល់ការអប់រំល្អបំផុតតាមលទ្ធភាពដែលពុកមានដល់កូនៗ។ ប៉ុន្តែពុកចង់ឱ្យកូនៗផ្តល់តម្លៃលើការប្រឹងប្រែងរបស់ពុក។ ចឹងដើម្បីជាកាយវិការផ្តល់តម្លៃនេះ សូមកូនៗទុកលុយសុទ្ធម្នាក់ ១០០០ ដុល្លារក្នុងមឈូសរបស់ពុក ពេលពុកស្លាប់ទៅ"។ 

ហើយនៅពេលឪពុកពួកគេចាស់ស្លាប់ទៅ កូនទាំងបីបានក្លាយជាវេជ្ជបណ្ឌិត អ្នកឯកទេសហិរញ្ញវត្ថុ និង មេធាវី ជោគជ័យរៀងៗខ្លួន។ 

នៅពេលឃើញឪពុកនៅក្នុងក្តារមឈូស ពួកគេទាំងបីចងចាំបណ្តាំឪពុក។ 

កូនទីមួយជាវេជ្ជបណ្ឌិតបានដាក់លុយក្រដាស ១០០ ដុល្លារចំនួន ១០ សន្លឹកលើទ្រូងសាកសព។ 

កូនទីពីរជាអ្នកឯកទេសហិរញ្ញវត្ថុដាក់ក្រដាសប្រាក់ ៥០ ដុល្លារ ២០ សន្លឹកលើទ្រូងសពឪពុកខ្លួនផងដែរ។ 

ចុងក្រោយ កូនពៅជាមេធាវីដ៏ខូចចិត្ត បានដកក្រដាសសែកសរសេរលេខ ៣០០០ ដុល្លារ ដាក់លើទ្រូងឪពុក រួចប្រមូលលុយសុទ្ធ ២០០០ ដុល្លារដាក់ហោប៉ៅ៕ 

adverise with khmeread