លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីមួយអាណត្តិទៀត ដោយសារដោះស្រាយបានល្អជាមួយកូវីដ១៩

នាយករដ្ឋមន្រ្តីនូវែលសេឡង់លោកស្រី Jacinda Ardern បានឈ្នះការបោះឆ្នោតទូទៅកាលពីថ្ងៃសៅរ៍យ៉ាងភ្លូកទឹកភ្លូកដី និងធានាបានអំណាចរយៈពេល ៣ឆ្នាំទៀត បន្ទាប់ពីប្រទេសនេះបានបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណាបានយ៉ាងជោគជ័យ។

ជាមួយសន្លឹកឆ្នោតជាង ៩០ភាគរយត្រូវបានរាប់ គណបក្សការងាររបស់លោកស្រីបានឈ្នះ៤៩ភាគរយនៃការបោះឆ្នោត ដោយទទួលបាន ៦៤អាសនៈនៅក្នុងសភាដែលមាន ១២០អាសនៈ ដែលជាការឈ្នះដ៏ធំបំផុតរបស់ប្រទេសមួយនេះចាប់តាំងពីឆ្នាំ១៩៩៦។

គណបក្សជាតិមានសំឡេងគាំទ្រតែ ២៧ភាគរយ និង ៣៥កៅអីប៉ុណ្ណោះ ដែលជាលទ្ធផលអាក្រក់សម្រាប់គណបក្សប្រឆាំងសំខាន់បំផុតរបស់ប្រទេសមួយនេះ ដែលរងបរាជ័យអាក្រក់បំផុតលើកទីពីរក្នុងរយៈពេល ៨៤ ឆ្នាំនៃប្រវត្តិរបស់បក្ស។

អ្នកបោះឆ្នោតបានគាំទ្រលោកស្រី Ardern វ័យ ៤០ឆ្នាំសម្រាប់ការដោះស្រាយដោយជោគជ័យរបស់លោកស្រីលើជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសនេះបានបញ្ឈប់ជំងឺនេះដោយមានតែអ្នកឆ្លងតែ ១.៨៨៣ករណី ហើយមានអ្នកស្លាប់ចំនួន ២៥នាក់ប៉ុណ្ណោះ។

នៅពេលដែលជំងឺរាតត្បាតនេះបានចាប់ផ្តើមវាយប្រហារយ៉ាងខ្លាំងនៅទូទាំងពិភពលោក នាយករដ្ឋមន្ត្រីនូវែលសេឡង់រូបនេះកាលពីខែមីនា បានជ្រើសរើសវិធានការបិទទ្វារទីក្រុងយ៉ាងតឹងរ៉ឹង និងបិទព្រំដែនរបស់ប្រទេសទាំងអស់ ប៉ុន្តែបានទទួលពលរដ្ឋត្រឡប់ចូលប្រទេសវិញ ខណៈដែលកំពុងបិទហាង និងបារដែលមិនចាំបាច់។

ជាក់ស្តែងគួបផ្សំនឹងគុណប្រយោជន៍ភូមិសាស្ត្ររបស់នូវែលសេឡង់ ដែនកោះមួយដែលមានចំនួនប្រជាជនតិច វីរុសនេះគឺមិនងាយនឹងរាលដាលកាចសាហាវដូចគ្នាទៅនឹងប្រទេសផ្សេងទៀតឡើយ។

នៅក្នុងសន្ទរកថាមួយនៅសាលាក្រុង Auckland លោកស្រី Ardern បាននិយាយថា "លទ្ធផលនៅយប់នេះគឺឈ្នះធំធេង ហើយវាច្បាស់ណាស់ថាបក្សការងារនឹងដឹកនាំរដ្ឋាភិបាលក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ យើងនឹងកសាងប្រទេសត្រឡប់មកវិញបានល្អប្រសើរពីវិបត្តិកូវីដ។ នេះគឺជាឱកាសរបស់យើងដើម្បីដោះស្រាយបញ្ហាភាពក្រីក្រ និងវិសមភាព។ ចូរឈានជើងទៅមុខជាមួយគ្នា"៕ ប្រភព ៖ Daily Mail 

adverise with khmeread