បើករថយន្តលឿនពេកជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់, រថយន្តខ្ទាតជិត៣០ម៉ែត្រទៅឡើងលើខឿនសួនច្បាររបួសពីរនាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូនបានបើករថយន្តម៉ាកស៊ីណាលឿនពេករេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់ ហើយរថយន្តខ្ទាតជិត៣០ម៉ែត្រចូលទៅក្នុងសួនច្បារ តែសំណាងល្អមិនធ្លាក់ចូលប្រឡាយបណ្តាលឱ្យឪពុកនិងកូនរងរបួសស្រាល។

គ្រោះថ្នាក់ខាងលើកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃសៅរ៍ទី១៧ ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខមន្ទីរសម្រាកព្យាបាលស័ង្កម៉ារី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបាន បើករថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2 BD.7837 លក្ខណៈគ្រួសារ។ ដំបូងគេឃើញពីរនាក់ប្តីប្រពន្ធរួមដំណើរជាមួយកូនស្រីអាយុប្រមាណជា៣ ឆ្នាំម្នាក់ទៀត បានបើករថយន្តស៊ីណា ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតរថយន្ត មកខាងឆ្វេងដៃបណ្ដាលឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់ចំនួន២កង់ និង១កង់ខ្ទាតមកកណ្តាលផ្លូវម្ខាង។ ចំណែក រថយន្តបង្កខ្ទាតមកចិញ្ចើមឡើងលើសួនច្បារខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងទៅមុខលែងរួច។ ចំណែកឪពុកនិងកូនបានចេញពីរថយន្តរងរបួសបែកក្បាលបន្តិចបន្តួចរួចហើយបានហៅម៉ូតូជិះទៅព្យាបាលរបួសដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

adverise with khmeread