ឃាត់ជនសង្ស័យម្នាក់,គេចខ្លួនម្នាក់ ពាក់ព័ន្ធបទល្មើសឆបោកយកម៉ូតូ

កណ្តាល ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសស្រុកមុខកំពូលឃាត់ខ្លួន នាថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០វេលាម៉ោង៤ល្ងាច ក្នុងករណីឆបោកយកម៉ូតូនៅចំណុចរោងជួសជុលម៉ូតូរបស់ជនរងគ្រោះឈ្មោះខន សាវ៉ាន់ ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះខន សាវ៉ាន់ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះយ៉ា សាឡេះ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងដូនពៅ សង្កាត់ជយោ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និង២-ឈ្មោះ ស្មាន ស្រ៊ី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិត្រពាំងដូនពៅ សង្កាត់ជយោ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(គេចខ្លួន)។

សម្ភារៈបាត់បង់ ១.ម៉ូតូម៉ាកហុងដា C50 គុបមូលពណ៌ទឹកប៊ិចគ្មានស្លាកលេខចំនួន០១គ្រឿង របស់ជនរងគ្រោះ។ ចំណែកវត្ថុតាងចាប់យកបាន១.ម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខស្វាយរៀង 1C.3722 (ម៉ូតូគ្មានខោអាវ) ចំនួន០១គ្រឿង របស់ជនសង្ស័យ, ២.កូនសោចំនួន០១ចង្កោម ដោយមានកូនសោម៉ូតូចំនួន០១គ្រាប់ កូនសោខ្នោះចំនួន០១គ្រាប់ កូនសោសូឡិចចំនួន០២គ្រាប់ និងកូនសោផ្សេងៗទៀតចំនួន១៦គ្រាប់ (របស់ជនសង្ស័យ) និង៣.កាតគ្រីម៉ូតូចំនួន០១សន្លឹកជារបស់ជនសង្ស័យ។

ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះនិងជនសង្ស័យមិនដែលស្គាល់គ្នាពីមុនមកទេ ហើយជនសង្ស័យទាំងពីរនាក់ ពីមុនរស់នៅគីឡូម៉ែត្រលេខ៨ រាជធានីភ្នំពេញ ហើយជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃស ពីបទលួច ហើយបានចេញពីពន្ធនាគារវិញនៅឆ្នាំ២០១៨ ក្រោយពីចេញពីពន្ធនាគារ ជនសង្ស័យទាំងពីរនាក់បានទៅរស់នៅភូមិត្រពាំងដូនពៅ សង្កាត់ជយោ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ 

លុះនៅថ្ងៃទី១៧ តុលា ឆ្នាំ២០២០ វេលាម៉ោង០៧ព្រឹក ជនសង្ស័យឈ្មោះ ស្មាន ស្រ៊ី បានជិះម៉ូតូរបស់ខ្លួនម៉ាកវីវ៉ាខាងលើមកឌុបជនសង្ស័យឈ្មោះ យ៉ា សាឡេះ ក្នុងគោលបំណងចេញមកឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មកដល់វេលាម៉ោង២រសៀល ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមកដល់ចំណុចខាងត្បូងស្ពានព្រែកតាមាក់ ស្ថិតក្នុងភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ជនសង្ស័យទាំងពីរនាក់ក៏បានយកម៉ូតូរបស់ខ្លួនឱ្យជនរងគ្រោះធ្វើនៅចំណុចកើតហេតុខាងលើ (ដោយម៉ូតូឆេះអត់ស្រួល)។

ក្រោយពីជនរងគ្រោះធ្វើម៉ូតូរបស់ជនសង្ស័យរួច ជនរងគ្រោះក៏ប្រាប់ទៅជនសង្ស័យទាំងពីរនាក់ថាអស់ថ្លៃឈ្នួល៨០០០រៀល។ ពេលនោះជនសង្ស័យទាំងពីរនាក់ក៏បានឱ្យប្រាក់ទៅជនរងគ្រោះចំនួន៥០០០រៀល ហើយជនសង្ស័យទាំងពីរនាក់ក៏ជិះម៉ូតូចេញ ជិះបានប្រហែល១០ម៉ែត្រពីកន្លែងកើតហេតុម៉ូតូក៏អស់សាំង។ ពេលនោះជនសង្ស័យទាំងពីរនាក់ក៏បណ្ដើរម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ហើយជនសង្ស័យឈ្មោះ ស្មាន ស្រ៊ី បានទៅខ្ចីម៉ូតូរបស់ជនរងគ្រោះដែលមានភិនភាគខាងលើ ហើយប្រាប់ជនរងគ្រោះថា «ទៅយកលុយមកចាក់សាំង» ដោយទុកជនសង្ស័យឈ្មោះ យ៉ា សាឡេះ និងម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុ។ 

រហូតដល់វេលាម៉ោង៨យប់ មិនឃើញជនសង្ស័យឈ្មោះ ស្មាន ស្រ៊ី យកម៉ូតូត្រឡប់មកវិញ ជនរងគ្រោះក៏បានទូរស័ព្ទ ប្ដឹងដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ា សាឡេះ និងម៉ូតូរបស់ជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះយ៉ា សាឡេះ បានសារភាពថា ជនសង្ស័យឈ្មោះស្មាន ស្រ៊ី ពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះជិះយកទៅបាត់ពិតមែន។ ចំពោះជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូលកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread