លោកប្រាយុទ្ធបន្ទន់ជំហរ ខណៈបាតុកម្មរាលដាលទូទាំងប្រទេស

ខណៈបាតុកម្មដើម្បីទម្លាក់រដ្ឋាភិបាលបានរីករាលដាលពាសពេញផ្ទៃប្រទេស លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានបន្ទន់ជំហររបស់លោកប្រឆាំងនឹងក្រុមបាតុករ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃអាទិត្យទី១៨តុលាថា នាយករដ្ឋមន្រ្តីបានទទួលស្គាល់សិទ្ធិក្នុងការតវ៉ា ប៉ុន្តែនិយាយថាការធ្វើបាតុកម្មត្រូវតែធ្វើឡើងស្របតាមច្បាប់។

អ្នកនាំពាក្យរូបនេះបានដកស្រង់សម្តីលោកប្រាយុទ្ធថា "រដ្ឋាភិបាលមានឆន្ទៈស្តាប់រាល់បញ្ហារបស់ប្រជាជនគ្រប់រូប និង បន្តដោះស្រាយបញ្ហានៅគ្រប់ផ្នែកទាំងអស់"។

សំឡេងនេះហាក់ដូចជារាក់ទាក់ជាងកាលពីថ្ងៃសៅរ៍ នៅពេលដែលឧត្តមសេនីយ៍ប្រាយុទ្ធព្រមានប្រជាជនកុំឱ្យចូលរួមបាតុកម្មនិងរំលោភច្បាប់។

លោកនាយករដ្ឋមន្រ្តីបានរងការរិះគន់ បន្ទាប់ពីប៉ូលិសបានប្រើយុទ្ធវិធីហិង្សានៅផ្លូវប្រសព្វ Pathumwan កាលពីថ្ងៃសុក្រ ដោយបាញ់ទឹកទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី។

ការបំបែកបាតុករដោយអំពើហិង្សាហាក់ដូចជាធ្វើឱ្យការតវ៉ាកាន់តែរីកធំខ្លាំងឡើងនៅទីក្រុងបាងកកនិងខេត្តដទៃទៀត។ ខណៈមេដឹកនាំបាតុកម្មប្រមាណ ២០ នាក់ត្រូវបានចាប់ខ្លួន ក្រុមអ្នករៀបចំបានប្តូរទៅជាការជួបជុំដោយគ្មានមេដឹកនាំ ដែលអនុញ្ញាតឱ្យបាតុករនីមួយៗអាចនិយាយទៅកាន់ហ្វូងមនុស្សបានគ្រប់គ្នា។

កាលពីថ្ងៃអាទិត្យ បាតុកម្មបានផ្ទុះឡើងនៅទីតាំងប្រមាណ ២០ កន្លែងនៅតាមខេត្តនានានៅក្រៅទីក្រុងបាងកក។ វិមានជ័យជម្នះនិងផ្លូវប្រសព្វអាសូកគឺជាទីតាំងបាតុកម្មសំខាន់នៅក្នុងរាជធានី៕ ប្រភព ៖ Bangkok Post

adverise with khmeread