ទីក្រុងហូជីមិញត្រៀមខ្លួនទទួលទឹកជំនន់ ខណៈជំនោរខ្ពស់កើតឡើងទន្ទឹមនឹងភ្លៀងខ្លាំង

កម្រិតជំនោរនៅក្នុងទីក្រុងហូជីមិញកំពុងតែកើនឡើង ហើយត្រូវគេព្យាករថានឹងកើនឡើងដល់កម្ពស់ ១,៧ ម៉ែត្រដែលគំរាមពន្លិចតំបន់ទំនាបនិងនៅតាមមាត់ទន្លេ។

ខណៈដែលកំណត់ត្រានៅស្ថានីយភូអានជិតទន្លេសៃហ្គន និងស្ថានីយញ៉ាបេ ក្បែរដងទន្លេដុងដៀន កម្រិតជំនោរបានកើនឡើងដល់ ១,៦៧ទៅ១,៧២ ម៉ែត្រលើសកម្រិតប្រកាសអាសន្ន ១,៥ ម៉ែត្រ។

ជំនោរខ្ពស់ត្រូវគេមើលឃើញថាឡើងដល់កំពូលនៅចន្លោះពីម៉ោង ៤:០០-៦:០០ ព្រឹក និង៥:០០-៧:០០ ល្ងាចថ្ងៃអាទិត្យ។

មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានរាយការណ៍ថា រូបភាពពីផ្កាយរណបនិងលទ្ធផលរ៉ាដាអាកាសធាតុបង្ហាញពីការវិវឌ្ឍពពកដ៏ច្រើនស្អេកស្កះនៅភាគខាងជើង ខាងកើត និងតំបន់កណ្តាលនៃទីក្រុងហូជីមិញ។

ពពកបណ្តាលមកពីភ្លៀងនៅខេត្តឡុងអាន និងទៀនយ៉ាងក៏កំពុងធ្វើដំណើរឆ្ពោះទៅភាគឦសាននិងទៅទីក្រុងហូជីមិញដែរ។

ការរួមបញ្ចូលជំនោរខ្ពស់និងភ្លៀងខ្លាំងនឹងធ្វើឱ្យមានការជន់លិចយ៉ាងខ្លាំងនៅក្នុងតំបន់ទំនាបនិងតំបន់មាត់ទន្លេក្នុងទីក្រុងហូជីមិញ៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread