ស្តាប់កាសរាល់ថ្ងៃចេះតែរមាស់ៗត្រចៀក ដោះមើលខាងក្នុង ឃើញពីងពាងយក្ស!

ជាងតទឹកមួយរូបដែលបានរកឃើញពីងពាងពូជ Huntsman មួយក្បាលនៅក្នុងកាសរបស់គាត់ បានចែកចាយវីដេអូដ៏គួរឱ្យតក់ស្លុតនៃសត្វល្អិតពូជយក្សមួយក្បាលនេះបានសម្ងំរស់នៅក្នុងកាសដែលគាត់ស្តាប់ជារៀងរាល់ថ្ងៃ។

លោក Olly Hurst រស់នៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី មានអារម្មណ៍ថាមានអ្វីអេះត្រចៀករបស់គាត់ បន្ទាប់ពីគាត់បានដាក់កាសត្រចៀកគាត់ស្តាប់នៅពេលធ្វើការ។ 

ពេលដែលគាត់ដោះកាសឆែកមើល គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលពីងពាងដ៏ធំមួយក្បាលស្ថិតនៅក្នុងនោះ។

លោក Hurst បាននិយាយនៅក្នុងវីដេអូថា "ខ្ញុំដឹងច្បាស់ណាស់ដែលខ្ញុំអាចមានអារម្មណ៍ថាអ្វីមួយកំពុងកេះត្រចៀករបស់ខ្ញុំ។ ហឹម។​ វាពិតជាគួរឱ្យរអើមណាស់!"។

នៅក្នុងវីដេអូគេឃើញលោក Hurst បានព្យាយាមគោះវាចេញពីកាសរបស់គាត់ ប៉ុន្តែពីងពាងដ៏ធំមួយក្បាលនេះមិនព្រមចេញនោះឡើយ។ បន្ទាប់មកគេអាចឮគាត់សើច មុនគាត់សម្រេចចិត្តបោះកាស់មួយនេះចោល ហើយដើរចេញ៕
 

adverise with khmeread