របាយការណ៍មួយអះអាងថាចិនបំពាក់មីស៊ីលលឿនជាងសំឡេងទំនើបបំផុតដើម្បីប្រុងជើងការសម្រាប់លទ្ធភាពលុកលុយកោះតៃវ៉ាន់

របាយការណ៍មួយបានលាតត្រដាងថា ប្រទេសចិនបានដាក់ពង្រាយកាំជ្រួចមីស៊ីលលឿនជាងសំឡេងទំនើបបំផុតទៅកាន់តំបន់ឆ្នេរក្បែរកោះតៃវ៉ាន់ដើម្បីត្រៀមលក្ខណៈសម្រាប់លទ្ធភាពលុកលុយលើកោះមួយនេះ។

កងទ័ពរំដោះប្រជាជនចិន (PLA) បាននិងកំពុងបង្កើនកម្លាំងយោធានៅតាមតំបន់នានានៃខេត្តហ្វូជាននិងចឺជាំងដោយដាក់មីស៊ីលសម្ងាត់បំផុតប្រភេទ DF-17 នៅក្នុងតំបន់ នេះបើយោងតាមការដកស្រង់ប្រភពយោធាអនាមិកមួយដោយសារព័ត៌មានហុងកុង South China Morning Post កាលពីថ្ងៃអាទិត្យទី១៨តុលា។

កាសែតគ្រប់គ្រងដោយរដ្ឋចិនមួយបានចាត់ទុករបាយការណ៍របស់សារព័ត៌មានហុងកុងនេះថាគ្រាន់តែជា "ការប៉ាន់ស្មានប៉ុណ្ណោះ"។ ប៉ុន្តែភ្លាមៗនោះបានអះអាងថា មីស៊ីល DF-17 របស់ទីក្រុងប៉េកាំង គ្មានអ្វីអាចស្ទាក់ចាប់បានឡើយ និង អាចរារាំងការធ្វើអបគមន៍របស់តៃវ៉ាន់ "យ៉ាងមានប្រសិទ្ធភាព"។

ដំណឹងនេះកើតឡើងនៅពេលដែលយោធាចិនបានអួតអំពីសមត្ថភាពប្រយុទ្ធរបស់ខ្លួននិងធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិត ចំពេលមានភាពតានតឹងកើនឡើងរវាងចិននិងកោះតៃវ៉ាន់ ដែលប៉េកាំងចាត់ទុកថាជាខេត្តរបស់ខ្លួន។

ប្រធានាធិបតីចិនលោកស៊ីជិនពីងបានជំរុញឱ្យទាហានជើងសមុទ្ររបស់លោកផ្តោតការយកចិត្តទុកដាក់លើការត្រៀមលក្ខណៈសម្រាប់សង្គ្រាម ខណៈបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានយោធានៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនកាលពីសប្តាហ៍មុន៕

adverise with khmeread