ក្រុមសកម្មជនហុងកុងប្រមូលផ្តុំគ្នាគាំទ្រដល់បាតុករថៃ

ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងមួយក្រុមតូច បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលថៃក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះកាលពីថ្ងៃចន្ទទី១៩តុលា ដើម្បីបង្ហាញសាមគ្គីភាពជាមួយបាតុករនៅប្រទេសថៃ ដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល និងរបបរាជានិយម។

មនុស្សរាប់ម៉ឺននាក់បានធ្វើដំណើរតាមដងផ្លូវនានាក្នុងទីក្រុងជាច្រើនរបស់ថៃកាលពីចុងសប្តាហ៍មុន ដោយប្រឆាំងនឹងការបង្ក្រាបរបស់រដ្ឋាភិបាល។

ដោយមានកាន់បដាដែលសរសេរថា "ឈរជាមួយប្រទេសថៃ" មានសកម្មជនតិចជាងដប់ពីរនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលថៃប្រចាំក្រុងហុងកុង ហើយលោក Joshua Wong ដែលជាមេដឹកនាំម្នាក់នៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងក៏ស្ថិតក្នុងចំណោមពួកគេដែរ។

ចំនួនអ្នកទៅចូលរួមមួយក្រុមតូចនេះអាចត្រូវពន្យល់បានជាផ្នែកមួយដោយវិធានការរក្សាគម្លាតសង្គម ដែលត្រូវបានណែនាំនៅក្នុងទីក្រុងហុងកុងដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា ដែលហាមឃាត់ហ្វូងមនុស្សធំជាងបួននាក់ពីការជួបជុំគ្នានៅទីសាធារណៈ។

ទំនាក់ទំនងបានកើតរវាងក្រុមបាតុករក្នុងប្រទេសថៃ និងក្នុងក្រុងហុងកុងនៅក្នុងចលនាមួយហៅថា "Milk Tea Alliance" (សម្ព័ន្ធតែទឹកដោះគោ) គឺសំដៅទៅលើភេសជ្ជៈពេញនិយមបំផុតនៅក្នុងតំបន់ទាំងពីរ។ ដោយត្រូវបានគេមើលឃើញថាជាការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ បាតុករនៅក្នុងចលនាមួយនេះក្នុងទីក្រុងហុងកុង ថៃ និងតៃវ៉ាន់ បាននាំគ្នាបញ្ចេញមតិរិះគន់ធ្ងន់ៗទៅលើប្រទេសចិន។

Group ក្នុងបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា "Thailand and Hong Kong Together" បានចុះបញ្ជីវត្ថុដែលមនុស្សអាចបរិច្ចាគបានដល់ក្រុមបាតុករថៃរួមមានអាវភ្លៀងអាម៉ូញាក់ និងឧបករណ៍បំពងសំឡេង៕ ប្រភព ៖ Bangkok Post

adverise with khmeread