ស្ត្រីម្នាក់ដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មិនឱ្យឡាយរឿងគ្រោះថ្នាក់ចរាចរណ៍ដែលខ្លួនបើករថយន្តទៅបុកគេ

ភ្នំពេញ ៖ ស្ត្រីជើងខ្លាំងម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបម៉ាកហ្វតរ៉េនជ័រមួយគ្រឿងមិនប្រកាន់ស្ដាំជ្រុលទៅបុករថយន្តឡិចស៊ីសដាច់កង់ខាងមុខឆ្វេងទៅមុខលែងរួច ហើយមានអ្នកសារព័ត៌មានជាច្រើនស្ថាប័នចុះធ្វើការឡាយផ្ទាល់ បែរជាស្ត្រីខាងលើដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មានរត់ចែកជើងគ្នាព្រាត។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋានតាយ តាយ២ តាមបណ្ដោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញស្ត្រីម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតស្រវឹងស្រាជោកបើករថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BH-6799 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ទិសដៅពីលិចទៅកើត។ 

លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃចូលកន្លងផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្តឡិចស៊ីសRX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2AJ-0882 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្រ្តីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច បុកចំកង់ខាងមុខផ្នែកខាងឆ្វេង បណ្ដាលឱ្យរថយន្តឡិចស៊ីសដាច់កាឡេកង់ខាងមុខអស់១។

ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខ ប្រមាណជា៥០ដាច់ក្រឡេកង់ខាងមុខដូចគ្នាទៅមុខលែងរួច។ ក្រោយមកមានអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការឡាយផ្ទាល់ភ្លាមៗ ។

ស្រាប់តែស្ត្រីជើងខ្លាំងរូបនោះបានមកដេញចាប់ទូរស័ព្ទអ្នកសារព័ត៌មានកុំឱ្យឡាយ ហើយបានប្រាប់ទៅលើអ្នកសារព័ត៌មានថា «កុំឱ្យឡាយថាខ្ញុំជាអ្នកខុសឱ្យឡាយនិយាយថាត្រូវ បើមិនថាត្រូវទេ ខ្ញុំនឹងប្តឹងអ្នកសារព័ត៌មានទៀត»។ ចំណែកអ្នកសារព័ត៌មានក៏មិនហ៊ានតបវែងឆ្ងាយទៅលើស្ត្រីរូបនោះដែរ ដោយមិនតបតខ្លាចទាស់ទែងពាក្យសម្តីដាក់នាំឱ្យមានរឿងវែងឆ្ងាយ បានត្រឹមរត់ចែកជើងគ្នាកាត់ភ្លៀងតែប៉ុណ្ណោះ។

ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត១ម៉ោង ដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀត ដោយភាគីបង្កបានចេញសំណងចំនួន ៨០ដុល្លារទៅឱ្យភាគីរងគ្រោះដោយភាគីរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តងទៅ៕

adverise with khmeread