រថយន្ដព្រូសបើកបុកជាមួយរថយន្តឡិចស៊ីស ចំពីមុខពេញទំហឹងខ្ទេចទាំង២គ្រឿងនៅខណ្ឌបឹងកេងកង

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតស្រវឹងស្រាបើករថយន្តម៉ាកព្រូសទាំងបិទភ្នែកទៅបុករថយន្តឡិចស៊ីស RX450h បណ្តាលឱ្យខូចខាតទាំងសងខាងកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ត្រង់ចំណុចជិតមុខរោងកុនគីរីរម្យ តាមបណ្ដោយផ្លូវលេខ១៤៣ ឋិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង​។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់រួមដំណើរជាច្រើនអ្នកមានក្មេងមានចាស់បានជិះរថយន្តម៉ាក Lexus RX450h ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AL-1752 បើកតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីជើងទៅត្បូង។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.6440 បើកបរដោយបុរសម្នាក់និងរួមដំណើរ បុរសម្នាក់ទៀត ស្រវឹងស្រាបើកទាំងបិទភ្នែកទោះបីរថយន្ត Lexus ស៊ីប្លេដាក់យ៉ាងណាក៏នៅតែបើកទៅបុក រថយន្ត Lexus ចំពីមុខពេញទំហឹងខូចខាតទាំងសងខាងតែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយក៏បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តព្រូស ដឹងខ្លួនខុសក៏បានសងសំណងទៅឱ្យភាគីខាងរថយន្ត Lexus ចំនួន៣៥០ ដុល្លារសហរដ្ឋអាមេរិកដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

adverise with khmeread