ឥណ្ឌាពិចារណាចរចាពាណិជ្ជកម្មជាមួយតៃវ៉ាន់ ខណៈភាគីទាំងពីរកំពុងឈ្លោះជាមួយចិនដូចគ្នា

ការគាំទ្រកំពុងកើនឡើងនៅក្នុងរដ្ឋាភិបាលឥណ្ឌាដើម្បីចាប់ផ្តើមពិភាក្សាជាផ្លូវការស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ខណៈដែនដីប្រជាធិបតេយ្យទាំងពីរមើលឃើញទំនាក់ទំនងជាមួយចិនកាន់តែយ៉ាប់យ៉ឺន។ នេះយោងតាមវេបសាយ Bangkok Post ផ្សាយកាលពីថ្ងៃអង្គារទី២០តុលា។

តៃវ៉ាន់បានស្វះស្វែងរកកិច្ចចរចាពាណិជ្ជកម្មជាមួយឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi មានការស្ទាក់ស្ទើរក្នុងការជំរុញការចរចា ពីព្រោះខ្លួននឹងមានជម្លោះរញ៉េរញ៉ៃជាមួយប្រទេសចិននៅពេលដែលកិច្ចព្រមព្រៀងណាមួយត្រូវបានចុះបញ្ជីនៅអង្គការពាណិជ្ជកម្មពិភពលោក នេះបើយោងតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌាដែលសុំមិនបញ្ចេញឈ្មោះដោយលើកឡើងពីច្បាប់សម្រាប់ការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ។

មន្ត្រីរូបនោះបាននិយាយថា ប៉ុន្តែក្នុងរយៈពេលពីរបីខែកន្លងមកនេះ អ្នកនយោបាយផ្នែកកិច្ចការបរទេស (The hawks) នៅក្នុងប្រទេសឥណ្ឌាដែលចង់ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់។ មន្ត្រីរូបបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់នឹងជួយដល់គោលដៅរបស់ប្រទេសឥណ្ឌាក្នុងការស្វែងរកការវិនិយោគកាន់តែច្រើនលើវិស័យបច្ចេកវិទ្យានិងអេឡិចត្រូនិច ដោយលោកបានបន្ថែមថា ខ្លួនមិនច្បាស់ទេថាតើនៅពេលណាដែលការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើង។

កាលពីដើមខែនេះរដ្ឋាភិបាលរបស់លោក Modi បានផ្តល់ការយល់ព្រមដល់ក្រុមហ៊ុននានា ដែលរួមមានក្រុមហ៊ុន Foxconn Technology Group ក្រុមហ៊ុន Wistron Corp និងក្រុមហ៊ុន Pegatron Corp របស់កោះតៃវ៉ាន់ ខណៈលោកកំពុងទាក់ទាញការវិនិយោគដែលមានតម្លៃជាង ១០,៥ ពាន់ពាន់លានរូពី (១៤៣ ពាន់លានដុល្លារ) សម្រាប់ផលិតកម្មស្មាតហ្វូនក្នុងរយៈពេល ៥ ឆ្នាំ៕

adverise with khmeread