ការសិក្សាអះអាងថា ពិសាតែនិងផ្លែប៉ោមអាចជួយបន្ថយសម្ពាធឈាមនិងទប់ស្កាត់ជំងឺបេះដូង

ការសិក្សាមួយបានអះអាងថា របបអាហារ ដែលសម្បូរទៅដោយសារធាតុ Flavanols ដូចជាផ្លែប៉ោម ផ្លែបឺរី និង តែ អាចជួយបន្ថយសម្ពាធឈាមនិងការពារពីជំងឺបេះដូងបាន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២១តុលា។

ក្រុមអ្នកស្រាវជ្រាវអង់គ្លេសនិងអាមេរិកបានសិក្សាអំពីរបបអាហារទាំងនេះនិងសម្ពាធឈាមរបស់មនុស្ស ២៥.១៦៨ នាក់ដែលរស់នៅក្នុងតំបន់ Norfolk របស់អង់គ្លេស។

ពួកគេបានរកឃើញថាជាមធ្យមមនុស្សដែលមានរបបអាហារសម្បូរជាតិ Flavanol មានសម្ពាធឈាម ៤ mmHg (មិល្លីម៉ែត្របារ៉ត) ទាបជាងមនុស្សដែលទទួលទានជាតិ Flavanol ទាប។

ខុសពីការសិក្សាពីមុនៗ ដែលពឹងផ្អែកជាធម្មតាទៅលើមនុស្សដែលរាយការណ៍ពីការញ៉ាំអាហារនិងភេសជ្ជៈផ្ទាល់ខ្លួន ក្រុមស្រាវជ្រាវនេះប្រើប្រាស់ជីវម៉ាសជីវជាតិ ពោលគឺសូចនាករនៃការញ៉ាំចំណីអាហារ ការរំលាយអាហារ ឬស្ថានភាពអាហារូបត្ថម្ភ ដើម្បីកំណត់កម្រិតជាតិ Flavanol ។

អ្នកនិពន្ធការសិក្សានេះនិងជាអ្នកជំនាញអាហារូបត្ថម្ភ លោក Gunter Kuhnle នៃសាកលវិទ្យាល័យ University of Reading បាននិយាយថា "អ្វីដែលការសិក្សានេះផ្តល់ឱ្យយើងគឺលទ្ធផលវិជ្ជមានអំពីការផ្សារភ្ជាប់គ្នារវាងសារជាតិ Flavanols ដែលមាននៅក្នុងតែនិងផ្លែឈើមួយចំនួន និង សម្ពាធឈាម"។

លោកបន្តថា "ការស្រាវជ្រាវនេះបញ្ជាក់ពីលទ្ធផលពីការសិក្សាអន្តរាគមន៍អំពីអាហារបំប៉នពីមុនៗនិងបង្ហាញថាលទ្ធផលដូចគ្នាអាចទទួលបានជាមួយនឹងរបបអាហារដែលមានជាតិ Flavanols ។ នៅក្នុងរបបអាហាររបស់ចក្រភពអង់គ្លេសប្រភពសំខាន់គឺតែ កាកាវ ផ្លែប៉ោមនិងផ្លែបឺរី"៕

adverise with khmeread