​ប្តី​មិនទាន់​រៀបការបាញ់ប្រហារប្រពន្ធក្មេងឱ្យរបួស​ដោយសារ​ទំនាស់​ពាក្យ​សម្តីរឿងប្រចណ្ឌ​ ហើយរត់បាត់

សៀមរាប ៖ មាន​ករណី​ផ្ទុះ​អាវុធកើតឡើង​ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​សាមគ្គី​ ​ផ្លូវជាតិ​លេខ​៦ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នៅ​វេលា​ម៉ោង ២និង៥០​នាទី​ថ្ងៃ​ទី​២២ តុលា ២០២០ ដោយសារតែជន​បង្ក​គឺជា​ប្តី​មិនទាន់​រៀបការបាញ់ប្រហារឱ្យរបួស​ដោយសារ​ទំនាស់​ពាក្យ​សម្តីរឿងប្រចណ្ឌ​។

សមត្ថកិច្ច​មូលដ្ឋាន​និយាយថា ជន​បង្ក​ឈ្មោះ ចាន់ ផល ហៅ​ពៅ ភេទ​ប្រុស ​អាយុ​ប្រហែល​៥០​ឆ្នាំ​ ទីលំនៅ​ភូមិ​ស្វាយ​ធំ ខេត្ត​សៀមរាប ជិះ​រថយន្ត​ពណ៌​ខ្មៅ​មិន​ស្គាល់​ម៉ាក​ស្លាក​លេខ​៨៧៨៧ ប្រើអាវុធ​ម៉ាក​K៥៤​ លេខ​៣៧៦៣​ បានបាញ់​ប្រហារទៅលើ ​ជនរងគ្រោះ​ឈ្មោះ សំអុល សុខ​ដា​នី ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ រាជថានីភ្នំពេញ រង​របួស​ធ្ងន់​ចំ​ដើម​ទ្រូង​ខាងឆ្វេង​១​គ្រាប់​ (​បៀម​គ្រាប់​)។ ជន​បង្ក​គឺជា​ប្តី​មិនទាន់​រៀបការ ហើយ​អាច​ដោយសារ​ទំនាស់​ពាក្យ​សម្តីរឿងប្រចណ្ឌ​។

ក្រោយ​មានការ​ផ្ទុះអាវុធ​ជន​បង្ក​ បាន​ឡើង​រថយន្ត​គេច​ខ្លួនបាត់ ចំណែក​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប​។ ករណីនេះសមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

adverise with khmeread