adverise with khmeread 12969157 950382248410024 868199495 n

ក្រុមហ៊ុន​កសិកម្ម​ដំណាំ​ស្រូវ​មួយ ប្តេជ្ញា​ធ្វើជា​កោសិកា​ក្នុង​ការជំរុញ​ផលិតកម្ម​នាំចេញ​អង្ករ ១​លាន​តោន ក្នុង​មួយឆ្នាំ​របស់​កម្ពុជា​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​អេង ឌី​ប៉ូ អភិវឌ្ឍន៍ បាន​លើកឡើងថា ក្រុមហ៊ុន​របស់ខ្លួន ប្តេជ្ញា​ធ្វើជា​កោសិកា​មួយ ក្នុងការ​រួមចំណែក បំពេញ​នូវ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្របទៅតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​យក​១​លាន​តោន ក្នុង​មួយឆ្នាំ​។​

    ការលើកឡើង​នេះ លោក​តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា ឌី​ប៉ូ អគ្គនាយក​ក្រុមហ៊ុន អេង ឌី​ប៉ូ អភិវឌ្ឍន៍ បាន​ធ្វើឡើង​ក្នុងឱកាស ចុះ​ត្រួតពិនិត្យ​ការ​ច្រូតកាត់ ពូជស្រូវ​សែន​ក្រអូប​គ្មាន​ជាតិគីមី ប្រមាណ​៦០​ហិកតា និង​ចាប់ផ្តើម​ភ្ជរ​រាស់​ដាំ​ដំណាំ​ស្រូវប្រាំង​ជំហាន​ទី​២​នា​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ឃុំ​កំពង់​អូស ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    លោក​ជំនួយការ​លោក​អគ្គនាយក​ក្រុមហ៊ុន បាន​មានប្រសាសន៍​បន្តថា ទោះបី​នៅ​ឆ្នាំនេះ ទឹកទន្លេ​តូច បឹងបួរ​មួយចំនួន​គ្មាន​ទឹក ដែល​ធ្វើ​ឲ្យ​ប្រជា​កសិកម្ម ជួបនឹង​បញ្ហា​កង្វះ​ទឹក តែ​ក្នុងនោះ ក្រុមហ៊ុន​កសិកម្ម​រប​ស់លោក ក៏​ជួបនឹង​បញ្ហា​នេះ​ដូចគ្នា​។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ត្រៀម លក្ខណៈ​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ជាស្រេច ដោយបាន​បូមទឹក​ទាំងថ្ងៃទាំងយប់ ស្តុក​ទឹក​ក្នុង​អាង​ទំហំ​១៤០ ហិកតា អាច​ស្រោចស្រព​ដំណាំ​ស្រូវ​២​ដង នា​រដូវប្រាំង​នេះ​ផងដែរ។

    ក្នុងនោះ​មិន​ត្រឹមតែ​ប្រើប្រាស់ នៅក្នុង​កសិដ្ឋាន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បានផ្តល់​ជូន​ប្រជាកសិករ ដែល​នៅក្បែរ​តំបន់កសិកម្ម​នេះ រាប់រយ​ហិកតា​ទៀតផង ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​ទទួលបាន​ផល​ស្រូវ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព គ្រួសារ​របស់គាត់​។​

    គួររំលឹកថា បើតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានលើកឡើង កាលពីពេល​ថ្មី​កន្លងទៅនេះ ក្នុងឱកាស ​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នា​សណ្ឋាគារ​សុខា​ភ្នំពេញ​បាន​បញ្ជាក់ថា គោលនយោបាយ​នាំចេញ​អង្ករ ១​លាន​តោន​ក្នុង​មួយឆ្នាំ​របស់​កម្ពុជា នៅក្នុង​ឆ្នាំ​២០១៥ គឺ​សម្រេច​បានតែ​៥០​ភាគរយ​ប៉ុណ្ណោះ​ពោលគឺ​បានត្រឹមតែ​៥០​ម៉ឺន​តោន ហើយ​លោក​បាន​ជំរុញ​និង​លើកទឹកចិត្ត ឲ្យ​បណ្តា​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវខិតខំ​ប្រឹ​ប្រែង​បន្ត ដើម្បី​ឲ្យ​គោលនយោបាយ​ផ្នែក​កសិកម្ម​មួយ​នេះ សម្រេចបាន​ទៅតាម​ផែនការ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់