ក្មេងអាយុ ៩ ឆ្នាំសម្ងំក្បែររបងសាលាជាមួយកុំព្យូទ័រយួរដៃមួយរាល់ថ្ងៃ ដើម្បីរៀនតាមអនឡាញ ព្រោះឪពុកម្តាយបាត់បង់ការងារដោយសារកូវីដ១៩ គ្មានលុយចេញថ្លៃអ៊ីនធឺណេត

សិស្សថ្នាក់ទីបួនមកពីរដ្ឋ New Mexico សហរដ្ឋអាមេរិកមួយរូបត្រូវបានគេប្រទះឃើញអង្គុយសំកុកនៅខាងក្រៅសាលាបឋមរបស់គាត់ដោយប្រើអ៊ីនធឺណេតសាលា ដូច្នេះគាត់អាចចូលរួមក្នុងថ្នាក់រៀននៅដាច់សង្វែងពីគ្នាតាមអនឡាញរបស់គាត់។

ក្មេងប្រុសអាយុ ៩ឆ្នាំឈ្មោះ Jonathan Endecott មកពីទីក្រុង Roswell ត្រូវបង្ខំចិត្តអង្គុយនៅខាងក្រៅសាលារៀនរបស់គាត់ ដែលបានបិទទ្វារដោយសារតែវីរុសកូរ៉ូណា ដោយសារតែគាត់មិនមានអ៊ីនធឺណេតប្រើប្រាស់នៅផ្ទះនោះឡើយ។

សាលារៀននៅក្នុងតំបន់របស់គាត់បច្ចុប្បន្នកំពុងបង្រៀនមេរៀនតាមអ៊ីនធឺណេត ហើយនេះគឺជាមធ្យោបាយតែមួយគត់ដែល Jonathan អាចចូលរួមក្នុងថ្នាក់រៀនដូចអ្នកដទៃបាន។

លោកស្រី Angel Endecott និយាយថា កូនប្រុសរបស់គាត់គឺឯករាជ្យណាស់ ហើយបានដើរទៅសាលារៀនរបស់គាត់ដោយខ្លួនឯងជាស្រេចកាលពីឆ្នាំមុន។

នៅពេលដែលជំងឺរាតត្បាតវាយប្រហារ ហើយសាលារៀនត្រូវបានបិទទ្វារ ក្រុមគ្រួសារមួយនេះមិនអាចចូលរួមក្នុងការរៀនសូត្រតាមអនឡាញបានទេពីព្រោះពួកគេមិនមានលទ្ធភាពបង់ថ្លៃអ៊ីនធឺណេតបាន។

ផ្ទុយទៅវិញលោកស្រី Angel ដែលបាត់បង់ការងារទាំងពីរដែលខ្លួនមានដោយសារតែជំងឺរាតត្បាតបាននិយាយថា Jonathan ដែលនឹងមានអាយុ ១០ឆ្នាំនៅខែក្រោយ អាចដើរទៅសាលារៀនដើម្បីប្រើប្រាស់អ៊ីនធឺរណេតនៅទីនោះដោយខ្លួនគាត់។

ក្រុមគ្រួសារមួយនេះមិនរស់នៅឆ្ងាយពីសាលាបឋមមួយនេះទេ ដូច្នេះឪពុកម្តាយរបស់ Jonathan មានអារម្មណ៍ធូរចិត្តជាមួយគាត់ដែលចំណាយពេលមួយថ្ងៃនៅទីនោះ ដោយអង្គុយនៅខាងក្រៅទ្វារខាងមុខសាលារៀន។

ស្ថានភាពរបស់គាត់នៅខាងក្រៅសាលាពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឱ្យគ្រូបង្រៀនម្នាក់នៅទីនោះមានក្តីអាណិតអាសូរចំពោះគាត់ជាខ្លាំង។ ទីបំផុតគ្រូស្រីរូបនោះបានចែកចាយរូបភាពរបស់គាត់នៅលើប្រព័ន្ធអនឡាញ។

រូបភាពមួយនេះបានបង្ករឱ្យមានយុទ្ធនាការមូលនិធិមួយដើម្បីជួយដល់ក្រុមគ្រួសាររបស់គាត់។ 

មានមនុស្សម្នាក់បានផ្តល់ប្រាក់រួចជាស្រេចសម្រាប់ចំណាយលើអ៊ិនធឺណេតរបស់ក្រុមគ្រួសារមួយនេះសម្រាប់ពេលមួយឆ្នាំ ហើយបច្ចុប្បន្នម្តាយរបស់ Jonathan ក៏បានបង្កើតគណនី GoFundMe ដើម្បីជួយផ្គត់ផ្គង់ដល់វិបត្តិហរិញ្ញវត្ថុដ៏យ៉ាប់យ៉ឺនរបស់ពួកគេផងដែរ៕
 

adverise with khmeread