ប៉ូលិសជប៉ុនឆ្មក់បង្ក្រាបទីតាំងមួយ ប៉ុន្តែជនសង្ស័យ២នាក់ចេញមកបាញ់ឧបករណ៍វាស់កម្តៅដាក់ប៉ូលិសគ្រប់គ្នាដើម្បីប្រាកដថាពួកគេមិនមានកូវីដ១៩

មន្រ្តីប៉ូលិសជប៉ុនដែលកំពុងឆ្មក់បង្ក្រាបទីតាំងមួយកន្លែង ត្រូវបានរំខានដោយជនសង្ស័យម្នាក់ដែលស្នើសុំស្ទង់កម្តៅប៉ូលិសដើម្បីធានាថាពួកគេមិនមានវីរុសកូរ៉ូណា។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៣តុលា។

នៅក្នុងវីដេអូបានបង្ហាញមន្រ្តីម្នាក់កំពុងព្យាយាមបើកផ្លូវចូលទីស្នាក់ការកណ្តាល Chukakuha របស់ក្រុមឆ្វេងនិយមដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ Edogawa នៃទីក្រុងតូក្យូ។ ពួកគេព្យាយាមទម្លុះចូលទៅខាងក្នុងដោយប្រើម៉ូទ័រកាត់ដែក ប៉ុន្តែភ្លាមៗទ្វារបានបើកដោយគេឃើញបុរសពីរនាក់មានពាក់ម៉ាស់បានដើរចេញមកក្រៅ។

បុរសទាំងពីរនាក់នេះហាក់ចង់ឱ្យប៉ូលិសចូលក្នុងតាមសម្រួល។

ប៉ុន្តែអ្នកតំណាងទាំងពីរនេះមិនអនុញ្ញាតឱ្យប៉ូលិសចូលក្នុងភ្លាមៗនោះទេ មុនពេលដែលពួកគេពិនិត្យមើលកម្តៅដើម្បីធានាថាពួកគេមិនមានវីរុសកូរ៉ូណា។ មន្រ្តីប៉ូលិសតម្រង់ជួរគ្នា ហើយក្នុងវីដេអូគេឃើញបុរសម្នាក់មានកាន់ទែម៉ូម៉ែត្រវាស់កម្តៅមួយតម្រង់ទៅលើក្បាលប៉ូលិសមុនអនុញ្ញាតឱ្យពួកគេចូលទៅក្នុង។

វីដេអូដ៏ប្លែកភ្នែកនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដោយវាមានការចូលមើលជាង ៧លានដងបន្ទាប់ពីត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Twitter។

យោងតាមសេចក្តីរាយការណ៍ដោយទូរទស្សន៍ NHK ប៉ូលិសកំពុងតែស៊ើបអង្កេតក្រុមឆ្វេងនិយមមួយនេះ បន្ទាប់ពីមេដឹកនាំរបស់ពួកគេលោក Takeo Shimizu អាយុ ៨៣ឆ្នាំបានថ្លែងសុន្ទរកថានៅក្នុងបាតុកម្មមួយនៅទីក្រុងតូក្យូ។ គេមិនដឹងនោះទេថាតើគាត់ស្ថិតនៅខាងក្នុងអគារនៅអំឡុងការវាយឆ្មក់នេះឬអត់ ដែលបានកើតឡើងបន្ទាប់ពីសុន្ទរកថារបស់គាត់ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់គាត់ក្នុងរយៈពេល ៥១ឆ្នាំ។

កាលពីមុនក្រុមនេះបានជាប់ទាក់ទងនឹងកុបកម្មឆ្នាំ១៩៧១ នៅក្នុងតំបន់ពន្ធនាគារពិសេស Shibuya ដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ហើយជាលទ្ធផលមនុស្ស ១.៧៨៥នាក់ត្រូវបានចាប់ខ្លួន។

យោងតាម ​​NHK លោក Chukakuha បានអត្ថាធិប្បាយថា ការវាយឆ្មក់ថ្មីៗនេះត្រូវបានគេយល់ថាជាការស៊ើបអង្កេតដែលមិនសមហេតុផល៕

 

adverise with khmeread