adverise with khmeread 1

​តើ Wolfsburg ទប់ Real Madrid ជាប់​អត់​យប់​នេះ​?

    ​បើទោះជា Real Madrid បានបញ្ចប់​ដំណើរ​មិនចេះ​ចាញ់​របស់ Barcelona គិត​ចាប់តាំងពី​ខែតុលា​ឆ្នាំមុន​ក៏ដោយ ក៏ Champions League នៅតែ​ជា​គោលដៅ​របស់​ពួកគេ​ដដែល​ក្នុងឆ្នាំនេះ​។ ពួកគេ​ត្រូវ​តាម​អ្នក​មានបុណ្យ​ក្នុង​ក្របខ័ណ្ឌ La Liga ដល់​ទៅ ៧ ពិន្ទុ ដូច្នេះ ភាគរយ​ប្រជែង​ពាន​គឺមាន​ស្តួចស្តើង​ខ្លាំងណាស់​សម្រាប់​អធិរាជ​ស​។ ប៉ុន្តែ​ទម្រង់​លេង​ក្នុង Champions League រដូវ​កាល​នេះ​របស់​ពួកគេ​ពិតជា​ល្អឥតខ្ចោះ​។ ពួកគេ​បានឈ្នះ ៥ ប្រកួត​និង​ស្មើ ១ ប្រកួត​នៅ​ទឹកដី PSG កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​នៅ​វគ្គ​បន្ទាប់ Real ក៏បាន​លុត AS Roma ផុយៗ​ទាំងពីរ​ជើង​និង​បាន​ឆ្លង​មក​វគ្គ ១/៤ នេះ​។ មានតែ​ក្រុម Real និង Barcelona ប៉ុណ្ណោះ​ដែល​មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ​។ ក្នុង​រាត្រី​នេះ ពួកគេ​នឹង​លេង​ជាមួយ Wolfsburg ដែល​ទើបតែ​ឈាន​មកដល់​វគ្គ​នេះ​ជា​លើកដំបូង​របស់ខ្លួន​។​

​    ​ទម្រង់​លេង​ក្នុងផ្ទះ​របស់ Wolfsburg ពិតជា​ផ្នែក​សំខាន់​ក្នុង​ដំណើរ​មកដល់​វគ្គ ៨ ក្រុម​ចុង​ក្រោយនេះ​។ ពួកគេ​បានឈ្នះ​ក្រុម​ខ្លាំង​ដូចជា Gent. Manchester United, PSV Eindhoven និង CSKA Moscow​។ ប៉ុន្តែ​ក្រឡេកមើល​នៅក្នុង​លី​ក​វិញ Wolfsburg កំពុង​ជួប​ការលំបាក​ក្នុងការ​ឈានចូល​តំបន់​បាល់ទាត់​អឺរ៉ុប​សម្រាប់​រដូវ​កាល​ក្រោយ ហើយ​ពួកគេ​ចាញ់ ២ ប្រកួត​ទៅហើយ ក្នុងជំនួប ៣ លើកចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ Bundesliga ដោយ​បូក​បញ្ចូល​បរាជ័យ ៣-០ នៅ​ទឹកដី Leverkusen កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ ពិតណាស់ Real មាន​ក្រុម​ដ៏​ខ្លាំង​នាពេល​បច្ចុប្បន្ន ដូច្នេះ​ពួកគេ​មានលទ្ធភាព​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ខ្ពស់​។​

​    ​*​ចំណុច​សំខាន់​សម្រាប់​ការប្រកួត​នេះ

​    ​- ក្រុម Real Madrid នៅ​មិនទាន់មាន​ក្រុម​ណា​បំបាក់​បាន​នៅឡើយ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ​
​    ​- ក្រុម Real Madrid ឈ្នះ ៥ និង​ស្មើ ១ នៅ​ទឹកដី PSG ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ដោយ​ស៊ុត​បាន ១៩ គ្រាប់​និង​ភ្លាត់​តែ ៣ គ្រាប់​ប៉ុណ្ណោះ​
​    ​- ក្រុម Wolfsburg លេង​ខ្លាំង​ក្នុងផ្ទះ ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​លេង​មិនសូវ​បានល្អ​ក្នុង​ក្របខ័ណ្ឌ Bundesliga ដោយ​រក​បានតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ក្នុងជំនួប​បី​លើកចុងក្រោយ​
​    ​- ក្រុម Wolfsburg រក្សា​មិន​ឱ្យគេ​ស៊ុត​ចូល​បានតែ​ពីរលើក​ប៉ុណ្ណោះ​ក្នុងជំនួប ៩ ប្រកួត​ចុងក្រោយ ដែល​នេះ​មិនមែនជា​តួលេខ​ល្អ​ឡើយ​នៅពេលដែល​ពួកគេ​នឹង​ប៉ះ​ក្រុម​ពូកែ​ស៊ុត Real Madrid​។​

​    ​ក្រុម​អធិរាជ​ស Real Madrid ពិតជា​ខ្លាំង​នៅ Champions League រដូវ​កាល​នេះ ជាមួយនឹង​គ្រាប់​បាល់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ភាគច្រើន​រកបាន​ដោយ BBC​។ ក្រុម Wolfsburg វិញ​កំពុង​ជួប​ការលំបាក​ក្នុងការ​រក្សា​លទ្ធផល Clean Sheet ហើយ​ខ្សែការពារ​របស់​ពួកគេ​នឹង​ជួប​ការធ្វើ​តេស្ត​ដ៏​លំបាក​ក្នុង​រាត្រី​នេះ ដូច្នេះ ជ័យជម្នះ​សម្រាប់​ក្រុម Real Madrid ពិតជា​ស័ក្តិសម​៕

adverise with khmeread

មតិយោបល់