មន្ត្រីកងអង្គរក្សម្នាក់បាត់បង់ជីវិតដោយសារបើកម៉ូតូជ្រុលបុកគោយន្តពីក្រោយ

ស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តបណ្តាលឱ្យមន្ត្រីកងអង្គរក្សម្នាក់បាត់បង់ជីវិត កាលពីយប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវលេខ ៣១៦A ត្រង់ចន្លោះគីឡូម៉ែត្រលេខ១និងលេខ២ ស្ថិតក្នុងភូមិគម្ពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ពុត សាវីត អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងអង្គរក្ស មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1P-4386។ ចំណែកអ្នកបើកគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កឈ្មោះជួន សុឡា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគុម្ពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានក្រុងបាវិត។

សមត្ថកិច្ចបន្តថា ដំបូងមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៤៣៨៦ ក្នុងទិសដៅពីកើតទៅលិចលើផ្លូវលេខ ៣១៦A ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់តែម្ដង៕


 

adverise with khmeread