គ្រោះថ្នាក់ចរាចរណ៍៣លើកនៅរាជធានីភ្នំពេញបណ្តាលឱ្យអ្នកលេងភ្លេងសម័យម្នាក់ស្លាប់ និងរបួសម្នាក់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើកនៅរាជធានីភ្នំពេញបណ្តាលឱ្យអ្នកលេងភ្លេងសម័យម្នាក់ស្លាប់ និងរបួសម្នាក់ នាយប់ថ្ងៃទី២៤-២៥តុលាឆ្នាំ២០២០។

ករណីទី១ -មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសារបើកម៉ូតូជួបហ្វូងក្របី ហើយជាន់ហ្វ្រាំងក៏ដួលស្លាប់ខ្លួនឯងកើតឡើង កាលពីវេលាម៉ោងជាង១២អធ្រាត្រថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះដា រ៉ាវុធ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរតន្ត្រីសម័យស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ជនរងគ្រោះបើកម៉ូតូម៉ាកវ៉េវ ពណ៌ស ស្លាកលេខ ភ្នំពេញ 1TV-6502 បើកពីត្បូងទៅជើងដល់ចំណុចខាងលើក៏ជួបហ្វូងក្របី ក៏ជាន់ហ្វ្រាំងបន្ទាន់បណ្ដាលឱ្យដួលបោកក្បាលរបួសធ្ងន់ក្រោយមកស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ។ បច្ចុប្បន្នម៉ូតូនិងសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីទី២-​ មានករណីរថយន្តពាក់ស្លាកលេខន.បបើកបុកបង្គោលភ្លើងកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រហែល៧០ម៉ែត្រ ផ្លូវបេតុង សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា ដំបូងគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក HILUX Vigo ពណ៌ខ្មៅ ពាក់ស្លាកលេខនគរបាល 2.8988 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ ពីជើងទៅត្បូងក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ខាងស្ដាំដៃទៅបុកបង្គោលភ្លើងថ្មបណ្ដាលឱ្យបាក់១ដើម។

ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខ, ចំណែកអ្នកបើកបានរងរបួសបែកចិញ្ចើមបន្តិចបន្តួច ហើយចុះពីលើរថយន្តទាក់ទងទៅសាច់ញាតិមកដឹកយកទៅមន្ទីរពេទ្យព្យាបាលខ្លួនឯង។

ករណីទី២-រថយន្តទំនើប២គ្រឿងបើកបុកគ្នា កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុប អតីតរោងកុនប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តឡិចស៊ីស RX- 300 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា V-V 5499 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃឆ្លងផ្លូវព្រះមុនីវង្សឆ្ពោះទៅទិសខាងជើង ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកមែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BD-5678 ដែលចតស្ងៀមនៅអែបចិញ្ចើមផ្លូវព្រះមុនីវង្ស ដែលចតទិសដៅពីត្បូងទៅជើង។

ពេលនោះក៏បើកបុកចំពីក្រោយរថយន្តម៉ាកមែកសឺដេស ដាច់កាឡេកង់ខាងក្រោយនិងខូចខាតយ៉ាងដំណំ។ ចំណែករថយន្តឡិចស៊ីសក្រឡាប់ផ្ងារកង់ទ្រមេឃ។ភ្លាមៗនោះ ខាងម្ចាស់រថយន្ដឡិចស៊ីសបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់មកសមត្ថកិច្ចបានស្ទូចយកទៅរក្សាទុកដោះស្រាយពេលក្រោយ៕

adverise with khmeread