រថយន្តបើកជែងប្រយ័ត្នជ្រុលបុកម៉ូតូស្លាប់ម្នាក់នៅស្រុក​ព្រៃនប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍រវាង​រថយន្ត​តូចនិង​ម៉ូតូបណ្តាលឱ្យបុរស​ម្នាក់ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀតរបួស​ធ្ងន់ កើត​ឡើងលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០៨-២០៩ ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង៨យប់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២០​។​ 

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់​ខាងលើ​នេះ បង្កឡើង​ដោយ​រថយន្តម៉ាក Lexus RX300 ពណ៌ទឹកមាស ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-8171 បើកបរ​ដោយ​ឈ្មោះអោប ប៊ុន​តាន់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

លុះ​មកដល់​ចំណុច​ខាងលើដោយស្ថានភាព​ផ្លូវ​កោងរថយន្តបាន​វ៉ា​ជែង​ម៉ូតូ​កង់​បី ១ គ្រឿង ក៏ជ្រុល​ចូល​ទៅបុក​ម៉ូតូ ១​គ្រឿង ម៉ាកហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​ 1Y-1571 បើកបរ​ដោយឈ្មោះ អូន សុភា ភេទ​ប្រុស អាយុ២២​ឆ្នាំ មាន​ទីលំនៅ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត បាន​ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​ម្នាក់ទៀត ភេទ​ប្រុស មិនទាន់​ស្គាល់​ឈ្មោះរបួស​ធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ចដឹក​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។​

បន្ទាប់មកសមត្ថកិច្ច បានប្រគល់​សព​ជូន​ក្រុម​គ្រូ​សារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែកអ្នកបើកបរ​រថយន្តត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នាំមក​សាកសួរ នៅ​អធិការដ្ឋាន​ស្រុក​ព្រៃនប់។ ​វត្ថុតាងរថយន្ត និង ម៉ូតូបាន​យកមក​រក្សាទុកនៅ​អធិការដ្ឋាន​ស្រុក​ព្រៃនប់ ដោះស្រាយ​បន្តតាម​នីតិវិធី​៕


 

adverise with khmeread