ឃាត់មនុស្ស៤នាក់រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់យកទៅបាញ់គោប្រជាពលរដ្ឋ

ក្រចេះ ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិស ប៉ុស្តិ៍រដ្ឋបាលរលួសមានជ័យ ឃាត់ខ្លួនក្នុង ករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ បានធ្វើសកម្មភាពបាញ់សត្វគោប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៣តុលាឆ្នាំ២០២០នៅចំណុច ភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចនិយាយថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលរលួសមានជ័យ បានល្បាតក្នុងភូមិសាស្រ្ត បានជួបអ្នកដឹកសាច់និងម៉ូតូ ក៏បានសួរនាំគេបានឆ្លើយថា«ជាសាច់ទន្សោងបានទិញពីឈ្មោះ ផេង ភ្លា នៅភូមិរលួស ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ »។

 ដោយមានការសង្ស័យ ប៉ូលិសបានហៅឈ្មោះ ផេង ភ្លា មកសាកសួរក៏បានសារភាពថា «ខ្លួនបានរក្សាទុកអាវុធAKមួយដើម» ហើយបានបាញ់គោរបស់ពលរដ្ឋមួយក្បាល មានគ្នាចូលរួមចំនួន ៣នាក់ រួចក៏បានយកសាច់លក់ឱ្យឈ្មោះ ប្រាក់ សុខណូន ហើយប្រាប់ថា «ជាសាច់ទន្សោង»។

ក្រោយពីបានស្រាវជ្រាវ និងបានសាកសួរបំភ្លឺជុំវិញរឿងហេតុ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ផេង ភ្លា ភេទប្រុស អាយុ ៤៣ឆ្នាំ (ជាម្ចាស់អាវុធ) នៅភូមិរលួស ឃុំរលួសមានជ័យ,២-ឈ្មោះ សុខខេង អូ ភេទប្រុស មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ, ៣-ឈ្មោះ ស្រើញ ហាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែត្នោត ឃុំស្រែជិះ ស្រុកសំបូរ និង៤-ឈ្មោះ នួន សំណាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរខេត្តក្រចេះ។ ដកហូត អាវុធAK47មួយដើមគ្រាប់ចំនួន ១២គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិស ស្រុកសំបូរ ចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread