បាតុកររាប់សែននាក់ដើរពញដងផ្លូវក្រុងបាងកក ក្រោយនាយករដ្ឋមន្ត្រីមិនព្រមចុះចេញពីតំណែងតាមកាលកំណត់

កាលពីថ្ងៃអាទិត្យទី២៥តុលា ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យរាប់សែននាក់បានប្រមូលផ្តុំគ្នានៅរាជធានីរបស់ថៃដើម្បីស្វែងរកការដាក់សម្ពាធមកលើរដ្ឋាភិបាល ពោលគឺមួយថ្ងៃមុនសម័យប្រជុំសភាពិសេសសំដៅកាត់បន្ថយភាពតានតឹងផ្នែកនយោបាយ។

ការប្រមូលផ្ដុំគ្នាបានធ្វើឡើងនៅចំណុចផ្លូវប្រសព្វមមាញឹក Rajprasong នៅចំកណ្តាលសង្កាត់ផ្សារទំនើបនៃក្រុងបាងកកកាលពីថ្ងៃអាទិត្យ ទន្ទឹមចំនួនបាតុករបានកើនដល់ទៅរាប់សែននាក់បន្ទាប់ពីរយៈពេលតែពីរបីម៉ោង។

ការជួបជុំនេះត្រូវបានអំពាវនាវធ្វើឡើងនៅយប់ថ្ងៃសៅរ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចាមិនអើពើនឹងពេលវេលាកំណត់របស់ក្រុមអ្នកតវ៉ាឱ្យចុះចេញពីតំណែង ដោយធ្វើការទាមទារសំខាន់ៗរួមមានរដ្ឋធម្មនុញ្ញដែលមានលក្ខណៈប្រជាធិបតេយ្យនិងកំណែទម្រង់រាជាធិបតេយ្យ។

ក្រុមបាតុករបាននិយាយថា លោកប្រាយុទ្ធ ដែលបានដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ក្នុងនាមជាមេបញ្ជាការកងទ័ព បានវិលត្រឡប់ទៅរកអំណាចវិញដោយអយុត្តិធម៌នៅក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុនពីព្រោះច្បាប់ត្រូវបានកែប្រែដើម្បីគាំទ្រដល់គណបក្សដែលឈរខាងយោធា។

ពួកគេក៏និយាយផងដែរថារដ្ឋធម្មនុញ្ញដែលសរសេរនិងអនុម័តក្រោមការគ្រប់គ្រងរបស់យោធាគឺមិនមានលក្ខណៈប្រជាធិបតេយ្យទេ។

រដ្ឋាភិបាលរបស់លោកប្រាយុទ្ធបានកោះប្រជុំសភាកាលពីសប្តាហ៍មុនដែលរំពឹងថានឹងមានរយៈពេលពីរថ្ងៃដើម្បីព្យាយាមបំបាត់ចោលការតវ៉ាស្ទើរតែរាល់សប្តាហ៍។

លោកបាននិយាយថា "មធ្យោបាយតែមួយគត់សម្រាប់ដំណោះស្រាយយូរអង្វែងសម្រាប់គ្រប់ភាគីទាំងអស់ដែលមានយុត្តិធម៌សម្រាប់អ្នកដែលនៅតាមដងផ្លូវក៏ដូចជាសម្រាប់មនុស្សរាប់លាននាក់ដែលជ្រើសរើសមិនដើរតាមដងផ្លូវគឺពិភាក្សានិងដោះស្រាយការខ្វែងគំនិតគ្នាទាំងនេះតាមរយៈដំណើរការសភា"៕ ប្រភព ៖ Daily Mail

adverise with khmeread