ចិនចង់ក្លាយជារោងចក្រផលិតរថយន្តអគ្គិសនីធំបំផុតលើពិភពលោក ហើយអាចជោគជ័យ

ប្រទេសចិនអាចជារោងចក្រដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែប្រទេសមួយនេះមិនដែលធ្លាប់ជាប្រទេសនាំចេញរថយន្តធំជាងគេបំផុតនោះទេ។ ចិនសង្ឃឹមថានឹងផ្លាស់ប្តូរវាជាមួយនឹងយានយន្តអគ្គិសនី។

ហើយអ្វីៗកំពុងតែដំណើរការទៅមុខយ៉ាងល្អ ដោយក្រុមហ៊ុន Tesla បាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងចាប់ផ្តើមនាំចេញរថយន្ត Model 3 ដែលផលិតនៅប្រទេសចិនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន។ រថយន្តអគ្គិសនី iX3 របស់ BMW ដែលដាក់លក់នៅទូទាំងពិភពលោក នឹងត្រូវបានធ្វើឡើងដោយការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនដៃគូចិនឈ្មោះ Brilliance China Automotive។

ប្រទេសចិនគឺជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក។ ការលក់រថយន្តនៅក្នុងឆ្នាំ២០១៩ មានចំនួន ២៨លានគ្រឿង ប៉ុន្តែប្រទេសនេះបាននាំចេញបានតែប្រមាណជិត ១លានគ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន ហើយភាគច្រើនគឺទៅកាន់ប្រទេសកំពុងអភិវឌ្ឍ។

រថយន្តម៉ាកយីហោរបស់ចិនភាគច្រើនមិនត្រូវបានគេស្គាល់នៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ទេ ហើយក្រុមហ៊ុនផលិតរថយន្តបរទេសភាគច្រើនប្រើរោងចក្រចិនរបស់ពួកគេដើម្បីផលិតរថយន្តសម្រាប់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចេញ។

វាជាសញ្ញាល្អសម្រាប់ប្រទេសចិនដែលក្រុមហ៊ុនផលិតរថយន្តបរទេសកំពុងចាប់ផ្តើមប្រើប្រាស់ប្រទេសនេះ ជាមជ្ឈមណ្ឌលនាំចេញសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេ។

ការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់ក្រុមហ៊ុនផលិតរថយន្តបរទេសនៅក្នុងប្រទេសចិនពិតជាបានជួយដល់ប្រទេសមួយនេះ។

ក្រុមហ៊ុនផលិតរថយន្តបរទេសជាយូរមកហើយត្រូវបានតម្រូវឱ្យបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយដៃគូចិន និងចែករំលែកប្រាក់ចំណេញជាមួយពួកគេដើម្បីផលិតនៅក្នុងប្រទេសនេះ។ ច្បាប់បែបនេះត្រូវបានគេបោះបង់ចោលសម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ២០១៨ ហើយនឹងត្រូវបានលុបចោលសម្រាប់រថយន្តផ្សេងទៀតនៅឆ្នាំ២០២២។

ក្រុមហ៊ុន Tesla បានទាញយកអត្ថប្រយោជន៍ពីការផ្លាស់ប្តូរនេះ ដើម្បីក្លាយជាក្រុមហ៊ុនផលិតរថយន្តបរទេសដំបូងគេ ដែលមានរោងចក្រគ្រប់គ្រងទាំងស្រុងនៅប្រទេសចិន ហើយបានចាប់ផ្តើមលក់ចេញរថយន្តដែលផលិតនៅក្នុងរោងចក្រក្រុងសៀងហៃរបស់ខ្លួននៅឆ្នាំនេះ។

ដូចគ្នានេះដែរក្រុមហ៊ុន BMW គ្រោងនឹងបង្កើនភាពជាម្ចាស់លើរថយន្ត JV របស់ខ្លួនជាមួយក្រុមហ៊ុន Brilliance ដល់ ៧៥ភាគរយ នៅឆ្នាំ២០២២ ពី ៥០ភាគរយនាពេលបច្ចុប្បន្ន។

ដោយទទួលបានការគ្រប់គ្រង និងប្រាក់ចំណេញកាន់តែច្រើន ប្រហែលជាមានន័យថាក្រុមហ៊ុននេះក៏មានឆន្ទៈប្រើប្រាស់ប្រទេសចិនដើម្បីផលិតយានយន្តសម្រាប់តំបន់ផ្សេងទៀតផងដែរ។

ប្រទេសចិនបានកាត់បន្ថយការឧបត្ថម្ភធនរថយន្តអគ្គិសនីកាលពីឆ្នាំមុន ប៉ុន្តែប្រទេសនេះបានណែនាំនូវប្រព័ន្ធពាណិជ្ជកម្មឥណទាន ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្ត ដើម្បីផលិតរថយន្តប្រភេទអគ្គិសនីបន្ថែមទៀត។

ការចាប់ផ្តើមនាំមុខរបស់ប្រទេសចិននៅក្នុងទីផ្សាររថយន្តអគ្គិសនីដោយមានជំនួយពីការឧបត្ថម្ភធនសប្បុរស និងលទ្ធកម្មរបស់រដ្ឋាភិបាល បានកសាងក្រុមអ្នកផ្គត់ផ្គង់ជាច្រើន។

ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំជាងគេបំផុតនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ទោះបីអឺរ៉ុបអាចយករយៈពេលខ្លីមួយឆ្នាំនេះជាមួយនឹងគោលនយោបាយគាំទ្រក៏ដោយ។

ប្រទេសនេះជាអ្នកផលិតរថយន្តអគ្គិសនីសាកថ្មធំជាងគេបំផុត។ ឧទាហរណ៍ក្រុមហ៊ុន Tesla បានប្រើថ្មអគ្គិសនីមានធាតុកូលប័របង្កើតដោយក្រុមហ៊ុន Contemporary Amperex Technology ដើម្បីកាត់បន្ថយថ្លៃដើមនៃឡានរបស់ខ្លួនដែលផលិតនៅសៀងហៃ។

ក្រុមហ៊ុន Volkswagen បានចំណាយ ១,២ពាន់លានដុល្លារដើម្បីទិញភាគហ៊ុន២៦% នៅក្នុងក្រុមហ៊ុនផលិតថាមពលថ្មរបស់ប្រទេសចិន Guoxuan High-Tech នៅឆ្នាំនេះ។ ក្រុមហ៊ុនផលិតថ្មអគ្គិសនីធំៗនៅកូរ៉េខាងត្បូង និងជប៉ុនក៏មានរោងចក្រនៅក្នុងប្រទេសនេះដែរ។

ជាក់ស្តែងវានៅតែជាដំណាក់កាលដំបូងប៉ុណ្ណោះ។ រថយន្តអគ្គិសនីគឺជាភាគរយតូចមួយនៃការលក់រថយន្តសរុបនៅទូទាំងពិភពលោក។ ផែនការនាំចេញពីក្រុមហ៊ុនផលិតរថយន្តសកលអាចនឹងមិនមានចំនួនច្រើនទេក្នុងរយៈពេលខ្លី។ អឺរ៉ុបក៏កំពុងព្យាយាមផលិតរថយន្តអគ្គិសនីដោយផ្ទាល់ផងដែរ។ ហើយក្រុមហ៊ុន Tesla ក៏កំពុងសាងសង់រោងចក្រនៅទីក្រុងប៊ែរឡាំង ដែលមានន័យថាផែនការនាំចេញពីសៀងហៃអាចនឹងមានលក្ខណៈបណ្តោះអាសន្ន។

ប៉ុន្តែខុសពីជំនាន់រថយន្តប្រើម៉ាស៊ីនចំហេះ ចិនឥឡូវពិតជាមានឱកាសក្លាយជាគីឡូធ្ងន់ក្នុងទីផ្សារនាំចេញសម្រាប់រថយន្តអគ្គិសនី៕ ប្រភព ៖ Bangkok Post
 

adverise with khmeread