ការស្ទង់មតិមួយរកឃើញថាជនជាតិជប៉ុនភាគច្រើនចូលធ្វើការតែ៣ឆ្នាំ ដឹងតែរកក្រុមហ៊ុនថ្មីមួយទៀត

នៅក្នុងការស្ទង់មតិថ្មីមួយអំពីនិយោជិតនៅក្នុងប្រទេសជប៉ុន មនុស្ស២៨ភាគរយបានឆ្លើយថា ពួកគេគិតថាពួកគេនឹងធ្វើការនៅក្រុមហ៊ុនរបស់ពួកគេត្រឹមរយៈពេល៣ឆ្នាំ ឬតិចជាងនេះដែលជាការកើនឡើង ៥,៩ពិន្ទុពីការស្ទង់មតិឆ្នាំមុន។ 

អនុបាតអ្នកដែលឆ្លើយ៤ទៅ៥ឆ្នាំថយចុះ ០,១ពិន្ទុមកនៅ ១៤,៨ភាគរយ និងអ្នកដែលនិយាយថា ៦ទៅ១០ឆ្នាំធ្លាក់ចុះ ២,៣ពិន្ទុមកនៅត្រឹម៧,៥ភាគរយ។ មានការកើនឡើងពី ២,២ពិន្ទុទៅ ៩,៨ភាគរយសម្រាប់ប្រជាជនដែលគិតថាពួកគេនឹងស្នាក់នៅជាមួយនិយោជករបស់ពួកគេលើសពី១០ឆ្នាំ ទោះយ៉ាងណាសមាមាត្រមនុស្សដែលគិតថាពួកគេនឹងធ្វើការនៅក្រុមហ៊ុនបច្ចុប្បន្នរបស់ពួកគេរហូតដល់ពេលចូលនិវត្តន៍ បានធ្លាក់ចុះ ៣,៩ពិន្ទុស្មើនឹង ១៧,៩ភាគរយ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអ៊ីនធឺណេតដោយក្រុមហ៊ុនធនធានមនុស្ស Mynavi ក្នុងអំឡុងពេលពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហាឆ្នាំ២០២០។ វាបានទទួលការឆ្លើយតបសុពលភាពពីមនុស្ស ៨០០នាក់ (បុរស ៤០០នាក់ និងស្ត្រី ៤០០នាក់) ដែលមានអាយុពី២២ ដល់២៣ឆ្នាំ។

ក្នុងចំណោមហេតុផលដែលនិយោជិតថ្មីទាំងនេះមិនគិតថាពួកគេនឹងស្នាក់នៅរយៈពេលយូរនៅក្រុមហ៊ុនបច្ចុប្បន្នរបស់ពួកគេ គឺ ៣៨,១ភាគរយបាននិយាយថា ពួកគេចង់ផ្លាស់ប្តូររបៀបដែលពួកគេធ្វើការដើម្បីអាចផ្គូរផ្គងដំណាក់កាលជីវិតដែលពួកគេមាន (ដូចជាប្រសិនបើពួកគេចាប់ផ្តើមគ្រួសារជាដើម) ខណៈពេលដែល៣៥,៨ភាគរយបានឆ្លើយថា ពួកគេមានបំណងផ្លាស់ប្តូរការងារបន្ថែមទៀតក្នុងអាជីពរបស់ពួកគេ។ សរុបចំនួន ២៥,៩ភាគរយ (ធ្លាក់ចុះ ៣,០ពិន្ទុ) បានលើកមុខមាត់ដល់ក្រុមហ៊ុនរបស់ពួកគេចាប់តាំងពីបានចូលរួមចំណែកជាមួយក្រុមហ៊ុន ខណៈ២០,៣ភាគរយយល់ថា បានធ្វើឱ្យក្រុមហ៊ុនធ្លាក់ចុះមុខមាត់ (កើនឡើង ៧,៩ពិន្ទុ)។

នៅពេលត្រូវបានសួរថាតើពួកគេពេញចិត្តនឹងវិធានការសម្រាប់ជំងឺកូវីដ១៩របស់ក្រុមហ៊ុនពួកគេដែរឬទេ ៥១,៩ភាគរយបានឆ្លើយតបថាពួកគេពេញចិត្តខ្លាំង ឬពេញចិត្តខ្លះៗ ខណៈ ២២,៦ភាគរយមានអារម្មណ៍មិនពេញចិត្តតិចតួច ឬមិនពេញចិត្តទាំងស្រុង។

ក្នុងចំណោមហេតុផលសម្រាប់ការពេញចិត្ត និយោជិតដែលកំពុងធ្វើការអនឡាញពីផ្ទះបាននិយាយថា វាដោយសារតែពួកគេអាចធ្វើការប្រកបដោយផាសុកភាពពីផ្ទះ សូម្បីតែពេលចូលហាត់ការក៏ដោយ។ អ្នកខ្លះដែលមិនពេញចិត្តបានលើកឡើងថា ពួកគេចង់ធ្វើការពីផ្ទះឆាប់ៗ ហើយអ្នកដែលធ្វើការតាមអនឡាញបាននិយាយថា ព័ត៌មានអំពីការសម្រេចចិត្តផ្ទៃក្នុងដែលធ្វើឡើងដោយក្រុមហ៊ុនមិនអាចទៅដល់បុគ្គលិកម្នាក់ៗទេ៕ ប្រភព ៖ Nippon

adverise with khmeread