អ្នកលេងមុខស្រស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើហិង្សា

បន្ទាយមានជ័យ ៖ អ្នកលេងមុខស្រស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នៅចំណុចភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យបន្ទាប់ពីយកកាំបិតខ្វែវកាប់បំផ្លាញរថយន្តចតស្ងៀម និងដេញកាប់បុរស២នាក់ថែមទៀត។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុនេះ​។​ ជនបង្ករូបនេះនៅពេលស្រវឹងស្រាម្តងៗ គឺតែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែពុំដែលមានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចនោះទេ ព្រោះក្រែងមានគំនុំគ្នាទៅថ្ងៃក្រោយ។

សមត្ថកិច្ចបន្តថា លុះនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជនបង្ករូបនេះផឹកស្រវឹងស្រា ក៏យកកាំបិតខ្វែវប្រវែង១,២០ម៉ែត្រ ទៅកាប់រថយន្តម៉ាកតូយ៉ូតាកាមរី (គូទហើម) ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.1091 ជារបស់ឈ្មោះ អឿ សាវឿន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលចតទុកចោលបណ្តាលឱ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង។ 

បន្ទាប់មកជនបង្កបានដេញកាប់ឈ្មោះ ជ័យ ជីម ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិជាមួយ តែត្រូវជនរងគ្រោះរត់គេចខ្លួនផុត។ ក្រោយមកទៀតជនបង្កឈ្មោះ សៀង វាសនា ហៅតយ បានដេញកាប់ឈ្មោះ អឿ សាវឿន ជាម្ចាស់រថយន្តបន្ថែមទៀត បណ្តាលឱ្យត្រូវរបួសស្រាលចំនួន០២កន្លែង​។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនបង្ករួចបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស៕

adverise with khmeread