មហាសេដ្ឋីឥណ្ឌូនេស៊ីម្នាក់ត្រូវតុលាការកាត់ទោសជាប់គុកអស់មួយជីវិតពីបទក្រឡុកផ្សារហ៊ុនតាមអំពើចិត្ត

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បាននិយាយកាលពីថ្ងៃទី២៧តុលាថាតុលាការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ីបានកាត់ទោសពាណិជ្ជករ Benny Tjokrosaputro ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទក្រឡុកផ្សារហ៊ុនតាមអំពើចិត្ត ដែលនាំឱ្យខាតជាង ១ ពាន់លានដុល្លារអាមេរិកនៅក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋ Asuransi Jiwasraya ។ 

នាយកប្រតិបត្តិ៣រូបទៀតរបស់ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋមួយនេះគឺស្ថិតក្នុងចំណោមជនជាប់ចោទ ៥ នាក់ទៀតដែលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះប្រឆាំងអំពើពុករលួយដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ីដោយតុលាការប្រឆាំងអំពើពុករលួយពិសេសមួយនៅរដ្ឋធានីហ្សាការតា។

ទីភ្នាក់ងារសារព័ត៌មានដដែលបានបន្ថែមទៀតថា លោក Tjokrosaputro ដែលល្បីពេញចំណងជើងដំណឹងអន្តរជាតិជាមួយនឹងបណ្តឹងទារសំណង ១ ពាន់លានដុល្លារអាមេរិកដែលគាត់ប្តឹងប្រឆាំងនឹងក្រុមហ៊ុន Goldman Sachs ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់សំណងចំនួន ៦ លានលានរូពីនៅឯការកាត់ទោសរបស់គាត់កាលពីថ្ងៃចន្ទ។

តុលាការបានរកឃើញថាលោក Tjokrosaputro ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hanson International មានពិរុទ្ធពីបទពុករលួយនិងលាងលុយកខ្វក់ដោយការឃុបឃិតជាមួយវិនិយោគិនដទៃទៀតដើម្បីបំប៉ោងភាគហ៊ុននៅក្នុងទីផ្សារភាគហ៊ុនធំរបស់ឥណ្ឌូនេស៊ី។

ទីភ្នាក់ងារដដែលបានដកស្រង់ឯកសារតុលាការដោយលើកឡើងថា លោក Tjokrosaputro បានរៀបចំគម្រោងការជាមួយនាយកប្រតិបត្ដិទៃទៀតរបស់ក្រុមហ៊ុន Asuransi Jiwasraya ដើម្បីវិនិយោគភាគហ៊ុន ហើយបន្ទាប់មកបានប្រើផលចំណេញដើម្បីទិញអចលនទ្រព្យនិងរូបិយប័ណ្ណបរទេស។

ទីភ្នាក់ងារសារព័ត៌មាន Antara បានដកស្រង់សម្តីចៅក្រម Rosmina យ៉ាងដូច្នេះ "អ្នកជំនួញរូបនេះបានប្រើប្រាស់ចំណេះដឹងរបស់គាត់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនិងបំផ្លាញទំនុកចិត្តរបស់សាធារណជននៅក្នុងទីផ្សារមូលធន"៕

adverise with khmeread