ក្រោយថៃបិទខ្សែរថភ្លើង អ្នករត់ម៉ូតូឌុបចេញមកជួយដឹកបាតុករ

ក្រុមអ្នកបើកម៉ូតូឌុបថៃបានក្លាយទៅជាសម្ព័ន្ធមិត្តជាមួយនឹងបាតុករប្រឆាំងរដ្ឋាភិបាលថៃ ដែលបានប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងបាងកក ដោយសុំឌុបក្រុមបាតុករ និងពិនិត្យមើលអ្នកដែលត្រូវការមធ្យោបាយធ្វើដំណើរ។ នេះយោងតាមវេបសាយ CNA ផ្សាយកាលពីថ្ងៃពុធទី២៨តុលា។

នៅពេលដែលអាជ្ញាធរបិទខ្សែរថភ្លើងក្នុងខែនេះក្នុងគោលបំណងដើម្បីទប់ស្កាត់ការប្រមូលផ្តុំគ្នាប្រចាំថ្ងៃ អ្នកបើកបរម៉ូតូឌុបរបស់រាជធានីមួយនេះ បាននាំគ្នាដឹកជញ្ជូនបាតុករទៅកាន់តំបន់បាតុកម្ម។

ប៉ុន្តែពួកគេត្រូវរង់ចាំយូរនៅខាងក្រៅចលនាតវ៉ាដឹកនាំដោយយុវជន ដោយស្រែកផ្តល់កម្លាំងចិត្តដល់សិស្សនិស្សិត ខណៈដែលពួកគេបានទាមទារឱ្យនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងបានចេញនូវការអំពាវនាវដែលមិនធ្លាប់មានពីមុនមកសម្រាប់ការកែទម្រង់រាជាធិបតេយ្យរបស់ព្រះរាជាណាចក្រថៃ។

លោក Supatr Manapornsiri វ័យ ៤១ឆ្នាំ បាននិយាយថា "ខ្ញុំទះដៃគាំទ្រសម្រាប់ក្មេងទាំងនេះ" ដោយបន្ថែមថា គាត់បានទម្លាក់តម្លៃដឹកទាប ដោយសារតែគាំទ្រគោលដៅរបស់ពួកគេ។ គាត់បានប្រាប់ AFP ថា "ចំណូលរបស់ខ្ញុំកើនឡើងបានបន្តិចបន្តួច"។ គាត់និយាយថា វាកើនឡើងពី ១.០០០បាត (៣២ដុល្លារ) មួយថ្ងៃទៅ ១.៣០០បាត ឬ១.៤០០បាតអំឡុងបាតុកម្ម។

អ្នកបើកបរម្នាក់ទៀតឈ្មោះ Pakin Kamhamauk អាយុ ៤៤ឆ្នាំ ពេលខ្លះថែមទាំងឱ្យជិះដោយឥតគិតថ្លៃទៀតផង។ គាត់បាននិយាយថា "ប្រសិនបើចៃដន្យពួកគេមិនមានលុយ ពេលនោះវាមិនអីនោះទេ"៕

adverise with khmeread