បុរស២នាក់ជិះម៉ូតូទាក់ដៃចង្កូតរថយន្តធំ ធ្លាក់អ្នកជិះក្រោមចូលក្រោមកង់រថយន្តកិនស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗចំណោម២នាក់ ខណៈជិះម៉ូតូឌុបគ្នាទាក់ដៃចង្កូតជាមួយរថយន្ត រួចធ្លាក់ខ្ទាតអ្នកជិះខាងក្រោយចូលកង់ក្រោមរថយន្ត អ្នកបើកបររបួសស្រាលកើតឡើងកាលពីវេលា ម៉ោង៨ និង១០នាទីយប់ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ចំណុចច្រកចូលវត្តព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ វ៉ាន បញ្ញារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ (អង្គុយពីក្រោយ) ស្នាក់នៅជាមួយប្រពន្ធនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និងមានកូនតូចមួយ អាយុ៣ឆ្នាំ និង អ្នករងរបួសស្រាលឈ្មោះ គឹម សៀន ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ ( អ្នកឌុប ) អ្នកទាំងពីរជិះម៉ូតូម៉ាកប៊ីតពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HI-4409។ ឯរថយន្តជា ប្រភេទរថយន្តយីឌុប ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-0846 អ្នកបើកបររត់គេចបាត់។ 

តាមប្រភពពីអ្នកឌុបឈ្មោះ គឹម សៀន បានឱ្យដឹងថា ដំបូងគាត់ជិះម៉ូតូ ធ្វើដំណើរតាម បណ្តោយផ្លូវ៥០ម៉ែត្រ ពីលិចទៅកើតបានជិះវ៉ាជែង បណ្ដាលឱ្យទាក់ដៃចង្កូត ជាមួយរថយន្តយីឌុប ដែលកំពុងធ្វើដំណើរស្របគ្នាបណ្ដាលឱ្យអ្នកអង្គុយខាងក្រោយ ខ្ទាតចូលក្រោមរថយន្ត កិនអូសបណ្ដាលឱ្យស្លាប់តែម្ដង។ 

ក្រោយកើតហេតុសមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយ តាមផ្លូវច្បាប់។ ចំណែកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ 

adverise with khmeread