បញ្ជូនជនត្រូវចោទម្នាក់ដាក់ពន្ធនាគារ ក្រោយពីវាយសំពងឪពុករបស់ខ្លួនឱ្យរបួស

ឧត្តរមានជ័យ ៖ ជនត្រូវចោទម្នាក់ត្រូវបានប៉ូលិសខេត្តឧត្តរមានជ័យនាំខ្លួនទៅដាក់ពន្ធនាគារនៅរសៀលថ្ងៃទី២៨ខែតុលា​​​ ឆ្នាំ២០២០ បន្ទាប់ពីតុលាការចេញដីកាចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តឡើងនៅភូមិគោកកី​ ឃុំបេង​ ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនិយាយថា ជនត្រូវចោទឈ្មោះ ធៀន សុផល ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរឃ្វាលគោ ដែលបានយកដំបងឈើប្រវែង ៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវជាឪពុកបង្កើតបណ្តាលឱ្យរងរបួសចិញ្ចើម ចំនួន ០៣ កន្លែង កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០។

សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ ដោយចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមដីកាលេខ១៨៤ដបយ/២០ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយលោកចៅក្រមវ៉េង​ ហ៊ត់​៕


 

adverise with khmeread