ឃាត់ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគាស់ផ្ទះអ្នកស្រុកលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍ចោមចៅទី៣ឃាត់ខ្លួន នៅចំណុចភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​។ ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានសម្រាកនៅក្នុងផ្ទះក្បែរបន្ទប់ជួលខាងលើរហូតមកដល់ម៉ោងកើតហេតុ ស្រាប់តែឮសំឡេងឆ្កែព្រូសដោយមានការសង្ស័យទើបក្រោកដើរទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏នាំគ្នាឃាត់និងស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍ចោមចៅទី៣ចាត់ការតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវប៉ូលិសកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread