បុរសអនាថាម្នាក់ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋនៅខណ្ឌទួលគោក

ភ្នំពេញ ៖ បុរសអនាថាម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេប្រទះឃើញបានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវលេខ២៧១ ក្រុម៣០ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០​។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ​ តែគេដឹងថាគាត់ជាមនុស្សមានសតិមិនសូវល្អ​ ឬជនអនាថា​។ កាលពី៤​ទៅ៥ថ្ងៃមុន​ គេសង្កេតឃើញជនរងគ្រោះដើរចុះឡើងនៅម្ដុំកើតហេតុ​នេះដោយស្លៀកសម្លៀកបំពាក់ចាស់ៗ ហើយមានចរិតមិនសូវល្អ​ សង្ស័យជា «ជនអនាថាគ្មានទីពឹង»​។ 

ក្រោយមកក៏មិនឃើញគាត់ដើរឆ្លងកាត់ដូចសព្វដង​ឡើយ ហើយមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានធុំក្លិនស្អុយ​ ទើបដឹងថា​ជនរងគ្រោះបានស្លាប់ ហើយក៏រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចឲ្យចុះមកពិនិត្យជាក់ស្ដែងតែម្ដង​។

បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចចម្រុះបានសន្និដ្ឋានថា​ «ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ​រ ឬគាំងបេះដូង​ ដោយខ្លួនឯង​ ពុំមានពាក់ព័ន្ធករណីអត្តឃាត​ ឬឃាតកម្ម​នោះទេ»។ សពប្រគល់ឱ្យ​អាជ្ញាធរបូជានៅវត្តទឹកថ្លា៕

adverise with khmeread