ជនសង្ស័យម្នាក់លួចម៉ូតូបុគ្គលិកធនាគារត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពលួចយកម៉ូតូរបស់បុគ្គលិកធនាគារម្នាក់បើកគេច នៅថ្ងៃពុធទី២៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរភ្នំប្រ័យ៍ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៊ុន សៀងហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារហត្ថាកសិករ (ឃុំឈើតុំ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។ ម៉ូតូដែលចោរលួចម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G -5343។

ចំណែកជនសង្ស័យឈ្មោះ វី សាវីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ គឹម សាវី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្ដាយឈ្មោះ ហ៊ីម សងះ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យវី សាវីនបានធ្វើសកម្មភាពគ្រាដែលម្ចាស់ម៉ូតូឈ្មោះប៊ុន សៀងហាក់ កំពុងជួបជាមួយអតិថិជនដើម្បីបំពេញការងារ។ ប៉ុន្តែនៅពេលជិះម៉ូតូចេញម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកឱ្យគេឯងជួយ។

ស្របគ្នានោះមានអ្នកបើករថយន្ត១គ្រឿងក៏ជួយដេញតាម និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្ដរាគមន៍។ លុះទៅដល់ចំណុចអូររ៉ុង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ កម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឈើតុំ ជួយអន្ដរាគមន៍បង្រ្កាបចាប់បានជនសង្ស័យ រួមទាំងវត្ថុតាងតែម្តង។


 

adverise with khmeread