ជ្រុលពេក,ប្តីចាប់ក្បាលប្រពន្ធអុកផ្ទប់ទៅដី យកជើងជាន់ក្បាល យកស្បែកជើងវាយក្បាល ស្ដោះទឹកមាត់ដាក់ក្បាលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ពោធិ៍សាត់ ៖ ប៉ូលិសស្រុកក្រគរ បានទទួលបណ្ដឹងពីករណីហិង្សាក្នុងគ្រួសារប្ដីចាប់ក្បាលប្រពន្ធអុកផ្ទប់ទៅដី យកជើងជាន់ក្បាល យកស្បែកជើងវាយក្បាល ស្ដោះទឹកមាត់ដាក់ក្បាល ហើយបានឃាត់ខ្លួនបុរសដៃដល់ជាប្ដីនៅចំណុចភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ បញ្ជូនទៅអធិការដ្ឋានស្រុកក្រគរ ចាត់ការបន្ត។

យោងតាមពាក្យបណ្ដឹងស្រ្តីជាប្រពន្ធបានអះអាងថា កាលពីយប់ថ្ងៃទី២៧តុលាឆ្នាំ២០២០កន្លងទៅ ប្ដីរបស់គាត់ឈ្មោះ ម៉ៅ សុគន្ធារ៉ា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ) រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលត្រឡប់មកពីផឹកស៊ីស្រវឹងរករឿង និងសុំលុយ គាត់(ប្រពន្ធ)គ្មានលុយឱ្យក៏បង្កហិង្សាចាប់ក្បាលអុកផ្ទប់ទៅដី យកជើងជាន់ក្បាល យកស្បែកជើងវាយក្បាល ស្ដោះទឹកមាត់ដាក់ក្បាលទៀត ហើយបានគំរាមចង់ទៅប្ដឹងអ្នកណាក៏ទៅចុះ។

នាងបន្តថា កន្លងមកសមត្ថកិច្ចធ្លាប់នាំជនបង្កជាប្ដីទៅធ្វើការអប់រំម្ដងមកហើយ ម្ដងនេះគាត់(ប្រពន្ធ)មានអារម្មណ៍ឈឺចាប់ខ្លាំង ក៏ដាច់ចិត្តមកប្ដឹងសមត្ថកិច្ចដើម្បីអនុវត្តតាមច្បាប់ ហើយសមត្ថកិច្ចបាននាំជនសង្ស័យជាប្តីយកមកអធិការដ្ឋានស្រុកក្រគរ ដើម្បីធ្វើការសាកសួរ និងធ្វើតេសទឹកនោមរកសារជាតិញៀនឃើញថា វិជ្ជមាន(+)កំពុងបន្តនីតិវិធី៕

adverise with khmeread