ឃាត់បុរសម្នាក់ ខឹងប្រើកូនទិញស្រាមិនទៅ វាយកូន, ប្រពន្ធចូលឃាត់វាយប្រពន្ធ, ប្អូនថ្លៃប្រុសទៅជួយកាប់ឱ្យរបួស

ភ្នំពេញ ៖ បុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួន បន្ទាប់ពីប្រើកូនទិញស្រាមិនទៅ វាយកូន ប្រពន្ធចូលឃាត់វាយប្រពន្ធ ប្អូនថ្លៃប្រុសទៅជួយកាប់ឱ្យរបួស ដែលអំពើហិង្សាដោយចេតនានេះកើតឡើងនៅដីឡូត៍ចម្ការផ្កាម្លិះ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨ តុលា ឆ្នាំ២០២០ ម៉ោង១១ថ្ងៃត្រង់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យាំ សេងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាំចម្ការ ស្នាក់នៅភូមិកើតហេតុ។ចំណែកជនសង្ស័យឈ្មោះ ខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចម្ការ ស្នាក់នៅភូមិកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះប្រើកូនទិញស្រាផឹក តែកូនពុំព្រមទៅ ហើយជនរងគ្រោះក៏វាយកូន រួចប្រពន្ធចូលទៅឃាត់ ស្រាប់តែជនរងគ្រោះយកដំបងឫស្សីវាយប្រពន្ធត្រូវចំត្រគាកខាងឆ្វេងដួលទៅលើដី រួចជនសង្ស័យ (ត្រូវប្អូនថ្លៃជនរងគ្រោះ) សួរថា «ម៉េចបងឯងវាយប្រពន្ធកូនគ្មានហេតុផលចឹង?»។

 ពេលនោះជនរងគ្រោះក៏យកកូនកាំបិតរត់ទៅចាក់ជនសង្ស័យ តែពុំត្រូវរួចជនសង្ស័យក៏យកកាំបិតប៉័ងតោកាប់ជនរងគ្រោះត្រូវចំសៀតថ្កាខាងឆ្វេង និងកដៃខាងឆ្វេងបណ្តាលឱ្យរបួស រួចជនសង្ស័យក៏ដើរគេចចេញ យកកាំបិតប៉័ងតោចោលក្នុងព្រៃបាត់។ 

បន្ទាប់មកសមត្ថកិច្ចចុះទៅដល់ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ៕


 

adverise with khmeread