ចិនងាកទៅទិញធ្យូងថ្មពីម៉ុងហ្គោលីយ៉ាងគគ្រឹកគគ្រេង ក្រោយបិទការនាំចូលពីអូស្ត្រាលី

រោងចក្រផលិតដែកនិងស្ថានីយថាមពលចិនបានចាប់ផ្តើមទិញធ្យូងថ្មបន្ថែមទៀតពីប្រទេសម៉ុងហ្គោលី បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់បំរាមលើការនាំចូលពីអូស្ត្រាលី ប៉ុន្តែតម្លៃ គុណភាព និងការលំបាកផ្នែកភស្តុភារ មានន័យថាវានឹងមិនងាយស្រួលនោះទេសម្រាប់អ្នកប្រកបរបរប្រើប្រាស់ធ្យូងថ្មមួយចំនួនក្នុងការផ្លាស់ប្តូរមួយនេះ។ នេះយោងតាម South China Morning Post សរសេរកាលពីថ្ងៃទី២៨តុលា។

ក្រុមអ្នកវិភាគបាននិយាយថា ខណៈដែលនយោបាយអាចដើរតួក្នុងការសម្រេចចិត្តបិទទ្វារធ្យូងថ្មអូស្ត្រាលី នោះការលំបាកជាក់ស្តែងក្នុងការធ្វើដោយគ្មានវាអាចបង្ខំឱ្យមានការពិចារណាឡើងវិញនៃការហាមឃាត់នេះ។

ធ្យូងថ្មពីម៉ុងហ្គោលីដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិននៅភាគខាងជើង គឺជាការជំនួសជាក់ស្តែងបំផុតសម្រាប់ធ្យូងថ្មអូស្ត្រាលី ជាពិសេសដោយសារតែអសមត្ថភាពរបស់អ្នកផ្គត់ផ្គង់ដែលនៅឆ្ងាយ ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងកាណាដាជាដើម ដើម្បីបំពេញតាមតម្រូវការកើនឡើងក្នុងរយៈពេលខ្លី។ នេះបើតាមក្រុមហ៊ុនថាមពល និងព័ត៌មានអំពីទំនិញអង់គ្លេស S&P Global Platts បាននិយាយកាលពីពេលថ្មីៗនេះ។

ប៉ុន្តែខណៈអ្នកប្រើប្រាស់នៅភាគខាងជើងនៃប្រទេសចិនភាគច្រើននឹងទទួលយកការផ្លាស់ប្តូរនេះបាន អ្នកដែលនៅភាគខាងត្បូងប្រទេសចិននឹងពិបាកក្នុងការធ្វើដូចនេះ ដោយសារតែមានការលំបាកខាងភស្តុភារ និងការចំណាយក្នុងការដឹកជញ្ជូនធ្យូងថ្មពីម៉ុងហ្គោលី។ នេះទំនងជាបង្ខំឱ្យមនុស្សជាច្រើនពឹងផ្អែកលើធ្យូងថ្មក្នុងស្រុកដែលមានតម្លៃថ្លៃជាង ប្រសិនបើពួកគេមិនអាចប្រើប្រាស់ទំនិញនាំចូលរបស់អូស្រ្តាលីបន្តទៀតនោះ។

ប្រភពពីឧស្សាហកម្មធ្យូងថ្មចិនបាននិយាយថា រហូតមកដល់ពេលនេះការហាមឃាត់ការនាំចូលធ្យូងថ្មអូស្រ្តាលីបានទទួលជោគជ័យយ៉ាងខ្លាំង ដោយពាណិជ្ជករធ្យូងថ្មងាកទៅរកការផ្គត់ផ្គង់ពីប្រទេសដទៃទៀត។ ដោយសារតែកង្វះនៃជម្រើសប្រសិទ្ធភាពចំណាយ អ្នកវិភាគរំពឹងថាតម្រូវការធ្យូងថ្មម៉ុងហ្គោលីនឹងកើនឡើងខ្លាំង៕

adverise with khmeread