បើកម៉ូតូបុកឡានចតចោលលើផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗលើកំណាត់ផ្លូវជាតិលេខ១

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកឡានចតចោលលើផ្លូវ កើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០​ ម៉ោង១១ និង៥៥នាទីយប់ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗ។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូ០១គ្រឿង ម៉ាក HONDA MSX C125 ស៊េរី២០០៦ ពណ៌ខ្មៅសពាក់ស្លាកលេខភ្នំពេញ 1CY-7877 បើកបរដោយឈ្មោះ ស្រូយ រ៉ាស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរទិសដៅពីភ្នំពេញទៅអ្នកលឿង។

ខណៈពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយរថយន្តមួយគ្រឿងម៉ាក FUSO ពណ៌ខៀវប្រភេទបែន ពាក់ស្លាកលេខភ្នំពេញ 3D-2772 ដែលខូចចតទុកចោលនៅលើផ្លូវបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី, ចំណែកម៉ូតូ និងរថយន្តបានកម្លាំងប៉ូលិសប៉ុស្តិ៍បន្ទាយដែកយកមករក្សាទុកនៅផ្នែកជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយដោះស្រាយតាមនីតិវិធី៕


 

adverise with khmeread