អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីម៉ូហាធៀនិយាយថា ជនមូស្លីម "មានសិទ្ធិសម្លាប់ជនជាតិបារាំងរាប់លាននាក់"

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ម៉ូហាធៀ ម៉ូហាម៉ាត់ បានបង្កឱ្យមានកំហឹងដោយអះអាងថា ប្រជាជនមូស្លីម "មានសិទ្ធិខឹងនិងសម្លាប់ប្រជាជនបារាំងរាប់លាននាក់ចំពោះការសម្លាប់រង្គាលកាលពីអតីតកាល"។ នេះយោងតាមវេបសាយ South China Morning Post សរសេរកាលពីថ្ងៃទី២៩តុលា។

ការអត្ថាធិប្បាយនេះបានលេចឡើងនៅលើ Blog របស់បុរសអាយុ ៩៥ ឆ្នាំរូបនេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់លោកម៉ូហាធៀចំពោះការអំពាវនាវពីបណ្តាប្រទេសមូស្លីមឱ្យធ្វើពហិការផលិតផលបារាំង។ ចាប់តាំងពីពេលនោះមក Twitter បានលុប Tweet របស់លោកម៉ូហាធៀ ដែលមានផ្ទុកនូវសម្តីចុងក្រោយៗរបស់គាត់បន្ទាប់ពីចាត់ទុកថា Tweet ទាំងនោះរំលោភលើច្បាប់របស់ខ្លួន។ មុននេះ Twitter បានទុកឱ្យ Tweet អាចចូលមើលបានចំពោះសាធារណជន។

លោក Cédric O រដ្ឋមន្រ្តីកិច្ចការឌីជីថលបារាំងបាននិយាយថា លោកបាននិយាយជាមួយនាយកគ្រប់គ្រង Twitter នៅក្នុងប្រទេសរបស់លោកហើយបានអំពាវនាវឱ្យបញ្ឈប់ជាផ្លូវការនូវគណនីផ្លូវការរបស់លោកម៉ូហាធៀ។ លោករដ្ឋមន្រ្តីបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះថា "បើមិនដូច្នោះទេ Twitter នឹងក្លាយជាអ្នកសមគំនិតក្នុងការសម្លាប់មនុស្ស"។

បណ្តាប្រទេសមូស្លីមបានខឹងសម្បានឹងការលើកឡើងរបស់មេដឹកនាំបារាំង Emmanuel Macron ក្នុងខែនេះដោយពណ៌នាសាសនាអ៊ីស្លាមថាជា "សាសនាមានវិបត្តិ" និងផែនការរបស់គាត់ដើម្បីបង្រ្កាបពួកអ៊ីស្លាមជ្រុលនិយម បន្ទាប់ពីឃាតកម្មលើគ្រូម្នាក់ដែលបានបង្ហាញរូបតុក្កតាក្នុងថ្នាក់របស់គាត់ដើម្បីពិពណ៌នាអំពីព្យាការីម៉ូហាម៉េត។

ផុសរបស់លោកម៉ូហាធៀភ្លាមៗត្រូវបានរិះគន់ដោយជនបរទេសនិងប្រជាជនក្នុងស្រុក ដោយភាគច្រើននិយាយថាគាត់កំពុងជំរុញអំពើហិង្សា៕

adverise with khmeread