ក្មេងតូចៗប្រុសស្រី៤នាក់ជិះម៉ូតូលឿនពេកបុកបង្គោលស្លាកសញ្ញាចរាចរណ៍ស្លាប់ម្នាក់និងរបួស៣នាក់

ឧត្តរមានជ័យ ៖ ​ក្មេងតូចៗប្រុសស្រី៤នាក់ជិះម៉ូតូលឿនពេកបុកបង្គោលស្លាកសញ្ញាចរាចរណ៍តាមផ្លូវបាក់អស់១ដើម បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់និងក្មេងៗ៣នាក់របួសធ្ងន់ស្រាលកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូលេខ ៧២ ភូមិទូលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនិយាយថា ដំបូងគេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០០៣ ពណ៌ក្រហម គ្មានស្លាកលេខជិះគ្នា៤នាក់ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវកោង បានរេចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់ចំនួន០១ដើម បណ្តាលឱ្យបុរសម្នាក់ស្លាប់, របួសធ្ងន់ចំនួន០២នាក់ និងរបួសស្រាលម្នាក់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទី១-ឈ្មោះ ឈឹង ស្រីឃាន ភេទស្រី អាយុ១៤ឆ្នាំមុខរបរសិស្ស រស់នៅ ភូមិទូលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង រងរបួសធ្ងន់លើដើមទ្រូង និងក្បាល, ២-ឈ្មោះ បែន មនោរម្យ ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់ទទឹង ឃុំ-ស្រុកអន្លង់វែង រងបួសធ្ងន់, ៣-ឈ្មោះ ឃុន ចិត្រា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកោះថ្មី ឃុំ-ស្រុក អន្លង់វែង ជាអ្នកបើកម៉ូតូរងរបួសស្រាល និង៤-ឈ្មោះ សាន់ សៅនី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្កូវ ឃុំផ្អៅ ស្រុកត្រពាំងប្រាសាទ ​ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង (ស្លាប់)។

បន្ទាប់មកសមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំថ្លាត។ ចំណែកឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕


 

adverise with khmeread