ម៉ូតូ២គ្រឿងបើកបុកគ្នារបួស៣នាក់នៅស្រុកត្រាំកក់

តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឱ្យរបួស៣នាក់ កើតឡើងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ក្នុងភូមិចម្ការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចនិយាយថា ភាគីម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-7479 បើកបរដោយឈ្មោះ ញ៉េន សាម៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ នៅភូមិបាត់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) បានឌុបស្ត្រីម្នាក់ឈ្មោះ ឃៀន លាប ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់) ដែលបើកបរមកពីទិសខាងជើង។

លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តុប តារា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងត្បូង។ ភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី, ឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ដោះស្រាយនៅពេលក្រោយ៕


 

adverise with khmeread