រថយន្តបញ្ចូលហ្គាសខុសបច្ចេកទេសបណ្តាលឱ្យឆេះអស់រថយន្តមួយគ្រឿងនិងរបួសមនុស្ស៣នាក់នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ​ ៖ មាន​ករណី​រថយន្តបញ្ចូលហ្គាសខុសបច្ចេកទេសបណ្តាលឱ្យឆេះរថយន្តមួយគ្រឿងនិងរបួសមនុស្ស៣នាក់ ​នៅ​ចំណុច​មណ្ឌល​៦ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី៣០ ​ខែតុលា ឆ្នាំ​២០២០វេលា​ម៉ោង៦ និង៤០នាទីយប់។

សមត្ថកិច្ចនិយាយថា ដំបូង​មាន​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ​2A-9567 អ្នកបើកបរ​ឈ្មោះ សារ៉ាត់ កន្និកា ភេទស្រី អាយុ ៣៨ ឆ្នាំ រស់នៅ​កន្លែងកើតហេតុ បាន​ចូលមក​បញ្ចូល​ហ្គាស​ក្នុង​រថយន្ត​ចំនួន១៥គីឡូក្រាមនៅ​កន្លែង​បញ្ចូល​ហ្គាស​ឈ្មោះ មុំ សសុ​ភ័​ក្រ ភេទប្រុស អាយុ២១ ឆ្នាំត្រូវជា​បងប្អូនជីដូន​មួយ​។

ពេល​កំពុង​បញ្ចូល​ហ្គាស​ក៏បាន​ផ្ទុះ​ឆេះហ្គាស​រថយន្ត បណ្តាល​ឱ្យភាយ​ចំហាយ​ហ្គាស​ចេញមក​ខាងក្រៅ​ចំ​ឆ្នាំង​ស៊ុប​នៅក្បែរនោះ បណ្តាល​ឱ្យមាន​អគ្គីភ័យ​ឆេះខូចខាត​សម្ភារ​ ឆេះ​រថយន្ត​ម៉ាក​ហាយ​ឡែនឌ័រខាងលើ​ខូចខាត​ទាំងស្រុង, ឆេះ​ខ្សែ​ចរន្ត​អគ្គីសនី ដែល​បន្តោង​លើ​បង្គោល​ភ្លើង, គ្រឿង​លក់​ចាប់ហួយ និង​គ្រឿងទេស​មួយចំនួន។​

សមត្ថកិច្ចបន្តថា គ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យរបួសមនុស្ស៣នាក់រួមមាន ១- សារ៉ាក កក្កដា ភេទប្រុស អាយុ ១៤ ឆ្នាំ រងរបួស​ជើង​ទាំងសងខាង​, ២-ឈ្មោះ ហ៊​ន់ សុ​វណ្ណា​រី អាយុ ០៥ ឆ្នាំ រង​បួស​រលាក​ដៃជើង និង​ផ្ទៃមុខនិង ៣-ឈ្មោះ ហ៊​ន់ ដា​ណេ អាយុ ០៧ ឆ្នាំ រង​បួស​រលាក​ដៃជើង​និង​ផ្ទៃមុខ។​

គ្រោះអគ្គីភ័យ​បាន​រលត់​ទាំងស្រុងនៅវេលា​ម៉ោង៧ ​និង​២០ នាទីយប់ថ្ងៃដដែល ដោយមានកិច្ចជួយអន្តរាគមន៍ពីសំណាក់រថ​យន្តពន្លត់អគ្គីភ័យ​ក្រុង​ប៉ោយប៉ែត​ចំនួន ១ គ្រឿង និង​រថយន្តពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​ត្រូ​ពី​កា​ណា​ចំនួន ២ គ្រឿង ដោយប្រើ​អស់​ទឹក​ចំនួន​៤ ឡាន​៕

adverise with khmeread