នាយករដ្ឋមន្ត្រីអ៊ីស្រាអែលអរគុណត្រាំ និងអបអរសាទរបាយដិនដែលឈ្នះឆ្នោត និងហៅគាត់ថា "មិត្តអស្ចារ្យរបស់អ៊ីស្រាអែល"

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ បានអបអរសាទរដល់លោក ចូ បាយដិន ចំពោះជ័យជម្នះនៃការបោះឆ្នោតរបស់លោកកាលពីព្រឹកថ្ងៃអាទិត្យ ដោយហៅប្រធានាធិបតីជាប់ឆ្នោតអាមេរិកថាជាមិត្តដ៏អស្ចារ្យរបស់អ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បានសរសេរលើបណ្តាញសង្គម Twitter ដោយសម្តៅទៅលើលោក បាយដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris ថា "ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នកទាំងពីរដើម្បីពង្រឹងសម្ព័ន្ធភាពពិសេសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល"។

លោក ណេតាន់យ៉ាហ៊ូ ដែលបានបង្ហោះ Twitter មានរូបភាពខ្លួនគាត់អង្គុយក្បែរលោក ត្រាំ បាននិយាយថា គាត់ និងលោកបាយដិនមាន "ទំនាក់ទំនងផ្ទាល់ខ្លួនយូរយារ និងកក់ក្តៅអស់រយៈពេលជិត ៤០ឆ្នាំ ហើយខ្ញុំស្គាល់អ្នកជាមិត្តដ៏អស្ចារ្យម្នាក់របស់អ៊ីស្រាអែល"។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះបានពណ៌នាលោក ត្រាំ ថាជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់ប្រទេសរបស់លោកនៅក្នុងសេតវិមាន ហើយគណបក្សសាធារណរដ្ឋបានធ្វើគោលនយោបាយជឿនលឿន ដែលធ្វើឱ្យមានការពេញចិត្តយ៉ាងខ្លាំងចំពោះមូលដ្ឋានស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ។

នៅក្នុងសារ Twitter បន្តទៀតលោកណេតាន់យ៉ាហ៊ូ បានថ្លែងអំណរគុណដល់លោកត្រាំ "ចំពោះមិត្តភាពដែលអ្នកបានបង្ហាញពីស្ថានភាពរបស់អ៊ីស្រាអែល និងរូបខ្ញុំផ្ទាល់ សម្រាប់ការទទួលស្គាល់ក្រុងហ៊្សេរុយសាឡិម និងតំបន់ខ្ពង់រាបហ្គោលែន សម្រាប់ការក្រោកឈរឡើងទប់ទល់នឹងប្រទេសអ៊ីរ៉ង់ សម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ និងសម្រាប់ការនាំសម្ព័ន្ធមិត្តអាមេរិក អ៊ីស្រាអែលទៅកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក"។

លោក ត្រាំ បានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលជាកិច្ចព្រមព្រៀងរវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចពិភពលោកដែលត្រូវបានបដិសេធដោយលោក ណេតាន់យ៉ាហ៊ូ ហើយបានទទួលស្គាល់ទីក្រុងហ៊្សេរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។

គាត់ក៏បានគាំទ្រអធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាបហ្គោលែន ដែលត្រូវបានរឹបអូសពីប្រទេសស៊ីរី ហើយបានគេចវេសការរិះគន់ទៅលើការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វនៅតំបន់កាន់កាប់វេសប៊ែង។

គាត់ក៏បានធ្វើជាអ្នករៀបចំកិច្ចព្រមព្រៀងធ្វើឱ្យមានប្រក្រតីភាពរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន៣ គឺអារ៉ាប់រួមអេមីរ៉ាត បារ៉ែន និងស៊ូដង់៕

adverise with khmeread