បុរសម្នាក់ក្នុងប្រទេសវៀតណាមត្រូវបានស៊ើបអង្កេតពីបទប្រើអំពើហិង្សាក្នុងគ្រួសារទៅលើដៃគូរបស់គាត់អស់រយៈពេល ១១ ឆ្នាំ ដោយសារនាងអសមត្ថភាពក្នុងការមានកូន។
ប៉ូលិសក្នុងស្រុក Bo Trach ខេត្ត Quang Binh បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ពួកគេបានផ្តួចផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹង Nguyen Van Dung អាយុ ៤៥ ឆ្នាំពីបទវាយដំ។
Dung មិនត្រូវបានគេនាំទៅឃុំឃាំងទេ ប៉ុន្តែត្រូវបានតម្រូវមិនឱ្យចាកចេញពីកន្លែងស្នាក់នៅរបស់គាត់។
ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថានជាតិវេជ្ជសាស្ត្រកោសល្យវិច្ច័យបានសន្និដ្ឋានថា ដៃគូរបស់ Dung នាង Hoang Nhat A. បានរងរបួសជារៀងរហូតដោយសារកត្តាខាងក្រៅ។
ស្ដ្រីវ័យ ៣៤ឆ្នាំរូបនេះដើមឡើយបានដាក់ពាក្យបណ្តឹងបរិហារប្រឆាំងនឹងដៃគូរបស់នាងទៅអាជ្ញាធរមូលដ្ឋាននៅពាក់កណ្តាលខែសីហា។
អំពើហិង្សាថ្មីៗបំផុតបានកើតឡើងនៅថ្ងៃទី២៣ ខែកក្កដា នៅពេលដែលជនរងគ្រោះត្រូវបានវាយធ្វើបាបអស់រយៈពេលកន្លះម៉ោង។
បន្ទាប់មកនាងបានទៅមន្ទីរពេទ្យមិត្តភាពវៀតណាម-គុយបា ក្នុងទីក្រុង Dong Hoi របស់ខេត្ត Quang Binh ដើម្បីធ្វើការពិនិត្យ ហើយក្រុមគ្រូពេទ្យបានបញ្ជាក់ថានាងបានរងរបួសខួរឆ្អឹងខ្នងធ្ងន់ធ្ងរ។
A. និង Dung រស់នៅជាប្តីប្រពន្ធ ប៉ុន្តែមិនមានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ព្រោះ Dung មិនមានអត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើតទេ។
A. បានរំឮកថា "ពេលខ្ញុំត្រឡប់មកផ្ទះយឺតពេលបន្ទាប់ពីធ្វើការនៅឯចម្ការហើយមិនអាចរៀបចំអាហារទាន់ពេល គាត់ក៏វាយខ្ញុំ។ នៅពេលនរណាម្នាក់និយាយអំពីភាពអាររបស់ខ្ញុំ គាត់បានវាយខ្ញុំទៀត"៕ ប្រភព ៖ tuoitrenews.vn
