ការសិក្សាមុនៗថាស៊ុតល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឥឡូវការសិក្សាថ្មីថាពិសាស៊ុតតែ១គ្រាប់១ថ្ងៃប្រឈមកើតជំងឺទឹកនោមផ្អែម!

ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានស៊ុតតែ១គ្រាប់ក្នុង១ថ្ងៃបង្កើនហានិភ័យរបស់លោកអ្នកក្នុងការវិវត្តទៅរកជំងឺទឹកនោមផ្អែមប្រភេទ២ រហូតដល់ ៦០ ភាគរយ។ នេះយោងតាមការចេញផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី១៦វិច្ឆិកា។

ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលី ដែលសិក្សាលើសំណាកមនុស្សពេញវ័យជនជាតិចិនចំនួន ៨.៥៤៥ នាក់បានរកឃើញទំនាក់ទំនងរវាងការបរិភោគស៊ុតកម្រិតខ្ពស់និងកម្រិតជាតិស្ករខ្ពស់ក្នុងឈាមចំពោះមនុស្សពេញវ័យជនជាតិចិន។

ស៊ុតមានប្រយោជន៍ល្អនិងមានជីវជាតិ ហើយត្រូវបានផ្សព្វផ្សាយថាជាអាហារសម្រន់មានសុខភាពល្អនៅក្នុងចក្រភពអង់គ្លេស ប៉ុន្តែជាសំណួរដ៏ពិបាកបំផុតសម្រាប់អ្នកស្រាវជ្រាវអំពីជំងឺទឹកនោមផ្អែម។

ការសិក្សាមុនៗបានចង្អុលបង្ហាញថា ការបរិភោគស៊ុតពិតជាអាចទប់ស្កាត់មិនឱ្យកើតជំងឺទឹកនោមផ្អែម ដោយនេះរឹតបន្ថែមការជជែកវែកញែកកាន់តែស្មុគស្មាញលើការស្រាវជ្រាវបែបវិទ្យាសាស្ត្រកន្លងទៅ។

ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា ការទទួលទានស៊ុតជាប្រចាំក្នុងមួយថ្ងៃ មិនថាឆា ចៀន ឬស្ងោ នឹងធ្វើឱ្យអ្នកងាយនឹងកើតជំងឺទឹកនោមផ្អែម។

ការសិក្សានេះគឺធ្វើឡើងដោយវេជ្ជបណ្ឌិត Ming Lee នៃសាកលវិទ្យាល័យអូស្ត្រាលីខាងត្បូង៕ 

adverise with khmeread