adverise with khmeread 3a32eec1 39c2 41cd 8547 dfe799c83cc8

តុលាការ​ឃុំខ្លួន​អតីត​គូសង្សារ​២​នាក់​ពីបទ​មនុស្សឃាត​ដោយ​ចត​នា​

   កំពង់ចាម ៖ ​ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តកំពង់ចាម​លោកស្រី ហៃ ណៃ​ហេង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​២២៦ ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ទីន ណិ​ឡោះ ភេទ​ប្រុស​ពីបទ​លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ និង​ដីកា​លេខ​២២៧ និង​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ ធុន សាលី ហៅ អេង​លី ភេទ​ស្រី ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩​នៃ​ក្រមព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦​។​

   ​ គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ ឈ្មោះ ស្រេ​ន តាំង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ខ្មែរ​អ៊ិ​ស្លាម និង​ប្រពន្ធ​ឈ្មោះ ធុន សាលី អាយុ ៤២​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លាម រស់នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​បារាយ៍ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម និង​ញាតិមិត្ត​ក្នុងភូមិ​បាន​ទៅ​ចូលរួម​ផឹក​ស៊ី​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី នៅ​ភូមិ​ដូន​ដី ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ​។​

     រហូតដល់​ម៉ោង ៩​យប់ ឈ្មោះ ស្រេ​ន តាំង ជា​ប្តី​យក​កូនស្រី​តូច​មក​ដេក​ផ្ទះ​មុន។ លុះដល់​ម៉ោង ១០​និង​០៥​នាទី យប់​មានឈ្មោះ ទីន ណិ​ឡោះ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ខ្មែរ​អ៊ិ​ស្លាម នៅ​ភូមិ​ព្រៃ​ខ្ជាយ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​នឹង​ឈ្មោះ ធុន សាលី បាន​ជិះ​ម៉ូតូឌុប​ឈ្មោះ ធុន សាលី ទៅដល់​ផ្ទះ​ធ្វើ​ឲ្យ​ឈ្មោះ ស្រេ​ន តាំង ជា​ប្តី​កើត​ចិត្ត​ប្រច័ណ្ឌ​រករឿង​កើត​ជម្លោះ​ប្តី​ប្រពន្ធយ៉ាងខ្លាំង។​

     ពេលនោះ​ឈ្មោះ ស្រេ​ន តាំង ស្ទុះ​ចាប់​ច្របាច់ក​ប្រពន្ធ ហើយ​នាង​ជា​ប្រពន្ធ​ក៏បាន​ចាប់ យក​កូនកាំបិត​ចុង​ស្រួច​ចាក់​លើ​ប្តី ៣​ទៅ ៤​កាំបិត បណ្តាល​ឲ្យ​ស្លាប់ នៅលើផ្ទះ ហើយ​ឈ្មោះ ធុន សាលី បាន​ដុសលាង​ជូត​សំអាត​ឈាម និង​ប្តូរ​ខោ​ឲ្យ​ប្តី។​

     ភ្លាមនោះ​ឈ្មោះ ទីន ណិ​ឡោះ បាន​ជួយ​លើក​អូស​សាកសព​ជនរងគ្រោះ ចុះពីលើផ្ទះ​យក​ទុក​នៅ​នឹង​ដី​ទួល​ខាងកើត​ផ្ទះ​ចម្ងាយ២៥​ម៉ែ​ត្រ។ ហើយ​ឈ្មោះ ធុន សាលី ខ្លាច​ប្តី​មិន​ស្លាប់​ក៏​ចាក់​ថែម​មួយ​កាំបិត​ទៀត ចំ​ក្រោម​ដោះ​ឆ្វេង​លិច​ដល់​គល់ មិន​ដក​កាំបិត​មកវិញ​ទេ ថែមទាំង​ចាប់ដៃ​ឆ្វេង​របស់​សព​ឲ្យ​កាន់​ដងកាំបិត​បង្វែងដាន​ពី​ឃាតកម្ម មកជា​រឿង​អត្តឃាត​វិញ​។​

     តាម​ចម្លើយសារភាព​របស់​ឈ្មោះ ធុន សាលី បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការរាបរាប់​ខាងលើ​មែន មូលហេតុ​ដោយសារ​ប្តី​របស់គាត់​ជេរ​វាយ​ធ្វើបាប​គាត់​ច្រើនលើកច្រើនសារ​មកហើយ ហើយ​ការដែល​គាត់​សម្លាប់​ប្តី​គាត់​គឺ​គាត់​ធ្វើ​តែម្នាក់ឯង​ទេ គ្មាន​ពី​ណា​ចូលរួម​ជាមួយ​ទេ​។​

     បច្ចុប្បន្ន​ជនល្មើស​ទាំង ០២​នាក់​ត្រូវបាន​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ២០១៦​ កន្លងទៅនេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់